បារម្ភពីការវិនាស! អតីតអ្នកស្រាវជ្រាវ Google DeepMind ព្រមានរឿង AI អាច «សម្លាប់មនុស្សជាតិ»
15-09-2026 14:46
(បរទេស)៖ អតីតអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Google DeepMind ម្នាក់ បានក្លាយជាអ្នកជំនាញចុងក្រោយគេ ដែលចេញមកព្រមានជាសាធារណៈថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចនឹង «សម្លាប់មនុស្សជាតិទាំងអស់» ប្រសិនបើពិភពលោកមិនមានវិធានការទប់ស្កាត់ទាន់ពេលទេ។ ការព្រមាននេះបានកើតឡើងចំពេលដែលក្ដីបារម្ភជាសាកលជុំវិញគ្រោះថ្នាក់នៃ AI កំពុងកើនឡើងខ្លាំង បន្ទាប់ពីមានរលកនៃការលាលែងពីតំណែងរបស់អ្នកជំនាញបច្ចេកវិទ្យាជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
លោក Bilal Chughtai អតីតវិស្វករស្រាវជ្រាវផ្នែកសុវត្ថិភាព AGI របស់ Google DeepMind ដែលទើបតែបានសម្រេចចិត្តលាលែងពីតំណែងក្នុងខែកក្កដា ឆ្នាំ២០២៦ នេះ បានសរសេរនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំថា AI មានសក្តានុពលក្នុងការសម្លាប់យើងទាំងអស់គ្នា ហើយថាពេលវេលារបស់យើងអាចនឹងជិតអស់ហើយក្នុងការជៀសវាងលទ្ធផលនេះ»។ លោកបានបន្ថែមថា ការគ្រប់គ្រង AI ប្រកបដោយសុវត្ថិភាពគឺចាំបាច់ត្រូវទាមទារឱ្យមានកិច្ចសហការគ្នា «ដើម្បីជៀសវាងការប្រណាំងប្រជែងដ៏ឆ្កួតលីលារវាងក្រុមហ៊ុន AI ទាំងនេះ» ព្រមទាំងត្រូវបន្ថយល្បឿនអភិវឌ្ឍន៍មកត្រឹមកម្រិតមួយដែលសង្គមអាចគ្រប់គ្រងបាន។
ជុំវិញបញ្ហានេះដែរ មុនការប្រកាសរបស់លោក Chughtai នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Anthropic លោក Dario Amodei ក៏បានស្នើឱ្យមានការបន្ថយល្បឿនអភិវឌ្ឍន៍ AI កម្រិតខ្ពស់ផងដែរ ដែលការណ៍នេះទទួលបានការគាំទ្រយ៉ាងកម្រពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk និងនាយកប្រតិបត្តិ OpenAI លោក Sam Altman។ ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោលការព្រមានទាំងនេះ ដោយបានចាត់ទុកការអំពាវឱ្យមានការគ្រប់គ្រងលើវិស័យឧស្សាហកម្ម AI ថាជា «ការបោកប្រាស់» តែប៉ុណ្ណោះ៕











