* iPhone Duo របស់ Apple អាចនឹងប្រឈមមុខនឹងវិបត្តិខ្វះខាតស្តុកយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ
* លោក Bill Gates ព្រមានថា រដ្ឋាភិបាលនានាជុំវិញពិភពលោក កំពុងស្ថិតក្នុងភាពយឺតយ៉ាវខ្លាំងចំពោះបញ្ញាសិប្បនិម្មិត (AI)
* ព្រឹទ្ធសភាអាមេរិកពិភាក្សាច្បាប់ថ្មី បង្ខំឱ្យក្រុមហ៊ុន AI យក្សជួយទប់ស្កាត់គ្រោះមហន្តរាយសកល
* ចិន ព្រមានថា AI អាចគំរាមកំហែងដល់ «អំណាចគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត» និងស្ថិរភាពជាតិ

សមាគមសិល្បករខ្មែរ ទទួលថវិកាទ្រទ្រង់ ១០ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត ដើម្បីបន្តលើកស្ទួយសិល្បៈ និងវប្បធម៌ជាតិ

16-09-2026 09:58

(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល គ្រប់គ្រងដោយកូនខ្មែរ១០០% បានប្រកាសជាផ្លូវការនូវការផ្តល់ថវិកាទ្រទ្រង់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ក្នុងពិធីប្រគល់ និងទទួលថវិកាទ្រទ្រង់សមាគមសិល្បករខ្មែរ ដែលបានរៀបចំឡើង នៅការិយាល័យកណ្តាល DCT ក្នុងអគារ Royal Group Central កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍របស់ប្រជាជនកម្ពុជា ក្រុមហ៊ុនសែលកាតបានបង្វែរផ្លែផ្កា និងប្រាក់ចំណេញបានមកពីការផ្តល់សេវាកម្មជូនអតិថិជន មកចូលរួមចំណែកអភិវឌ្ឍសង្គមវិញ។ ក្រុមហ៊ុនសែលកាត តែងតែចងចាំ និងមិនដែលបំភ្លេចឡើយនូវកាតព្វកិច្ចដ៏សំខាន់ ក្នុងការទ្រទ្រង់សិល្បៈវប្បធម៌ជាតិ តាមរយៈការគាំទ្រដល់ការអភិរក្ស ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរីកចម្រើន។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក Manu Rajan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត និងលោកជំទាវឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសិល្បករជាច្រើនរូប។ តាមរយៈការចូលរួមចំណែកថវិកានេះ ក្រុមហ៊ុនសែលកាត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដោយគាំទ្របេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការថែរក្សាទម្រង់សិល្បៈបុរាណ ការផ្តល់ការអភិវឌ្ឍជំនាញដល់អ្នកបង្កើតថ្មី និងការបង្កើតបណ្តាញសាមគ្គីភាពក្នុងសហគមន៍សិល្បៈ ក្រោមប្រធានបទ «Better Together»

លោក Manu Rajan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា «នៅក្រុមហ៊ុនសែលកាត យើងតែងតែជឿជាក់ថា សេវាទូរគមនាគមន៍មិនត្រឹមតែជាការភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែជាការភ្ជាប់ប្រជាជនទៅកាន់ឱកាស ភ្ជាប់គំនិតច្នៃប្រឌិតទៅកាន់ទស្សនិកជន និងជាការថែរក្សាកម្ពុជានាពេលបច្ចុប្បន្ន ឱ្យក្លាយជាកម្ពុជាដែលកូនចៅយើង មានមោទនភាពនាពេលអនាគត។ បច្ចេកវិទ្យាបានផ្តល់នូវមធ្យោបាយឌីជីថលថ្មី សម្រាប់សិល្បករខ្មែរ ដើម្បីធានាថាសិល្បៈវប្បធម៌ជាតិកំពុងរស់នៅ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង។ ការឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារនេះ មិនមែនជាការឧបត្ថម្ភធម្មតានោះទេ ប៉ុន្តែជាកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងជាការវិនិយោគលើអភិវឌ្ឍវិស័យសិល្បៈ នៅប្រទេសកម្ពុជា»

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា «ក្រុមហ៊ុន សែលកាត បានឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ ក្នុងទឹកប្រាក់ ១០០,០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ការឧបត្ថម្ភនេះ មិនមែនគ្រាន់តែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ប៉ុន្តែនាងខ្ញុំបានមើលឃើញពីចំណុចសំខាន់ៗចំនួន៣ នោះគឺ៖

ទី១៖ ការឧបត្ថម្ភរបស់ សែលកាត (Cellcard) បានបង្ហាញពីតម្លៃមួយថា ការអភិវឌ្ឍប្រទេសមួយ មិនអាចផ្អែកតែលើសេដ្ឋកិច្ច និងបច្ចេកវិទ្យាតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវដើរទន្ទឹមគ្នាជាមួយការថែរក្សា និងលើកស្ទួយអត្តសញ្ញាណ សិល្បៈ និងវប្បធម៌ជាតិផងដែរ។ ពោល គឺសេដ្ឋកិច្ចកាន់តែរីកចម្រើន អត្តសញ្ញាណជាតិ កាន់តែត្រូវលើកតម្កើង។
ទី២៖ សម្រាប់សមាគមសិល្បករខ្មែរ ថវិកាឧបត្ថម្ភនេះ គឺជាកម្លាំងចិត្ត ក្តីសង្ឃឹម និងជាធនធានដ៏សំខាន់មួយ សម្រាប់ជំរុញសកម្មភាពរបស់សមាគម ក្នុងការលើកកម្ពស់សុខុមាលភាពសិល្បករ អភិរក្សស្នាដៃសិល្បៈ បណ្តុះបណ្តាល និងផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ ព្រមទាំងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។ នេះគឺជាដំណើរនៃកសាងបច្ចុប្បន្ន ដើម្បីអនាគតនៃអត្តសញ្ញាណ។
ទី៣៖ នាងខ្ញុំជឿជាក់ថា បច្ចេកវិទ្យា និងសិល្បៈវប្បធម៌ គឺជាកម្លាំងពីរដែលអាចដើរទន្ទឹមគ្នា ដើម្បីកសាងអនាគតកម្ពុជា។ បច្ចេកវិទ្យាអាចជួយឱ្យសិល្បៈខ្មែរ ឈានទៅដល់មនុស្សកាន់តែច្រើន ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ខណៈសិល្បៈ និងវប្បធម៌វិញ អាចផ្តល់អត្តសញ្ញាណ និងខ្លឹមសារដល់ការរីកចម្រើនរបស់សង្គមឌីជីថល។ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជំរុញភាពរស់រវើកនៃសិល្បៈ វប្បធម៌កម្ពុជា លើលំហសាកលលោក»។

កម្មវិធីនេះបានបញ្ចប់ទៅដោយពិធីប្រគល់ និងទទួលថវិកានិមិត្តរូប ព្រមទាំងការទស្សនាវីដេអូបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ សិល្បៈខ្មែរទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ចាប់ដំណើរការក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថល ដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកទូទាំងប្រទេស ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង ៤លាននាក់ នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល ៣៦០ដឺក្រេ៕