NOCC៖ ការគាំទ្រពីវិស័យឯកជន មិនមែនជួយដើម្បីលាភសក្ការៈ តែដើម្បីមោទនភាពជាតិ និងសម្រេចសុបិនជាប្រវត្តិសាស្ដ្រក្នុងការស្វែងរកមេដាយអូឡាំពិកដំបូង
16-09-2026 10:42
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថា ការចូលរួមគាំទ្រពីវិស័យឯកជន មិនមែនជួយដើម្បីលាភសក្ការៈ តែជាស្មារតីរួមមួយក្នុងការជួយដើម្បីមោទនភាពជាតិ ហើយឆ្ពោះទៅសម្រេចក្ដីសុបិនជាប្រវត្តិសាស្ដ្រ គឺការស្វែងរកមេដាយកីឡាអូឡាំពិកលើកដំបូង។
ការគូសបញ្ជាក់នេះបន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្ដចុះអនុស្សារណៈយោគយល់គ្នាជាមួយវិស័យឯកជន គឺក្រុមហ៊ុន ញូធីរីច នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាគាំទ្រអត្តពលិកកម្ពុជា បង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យ» សម្រាប់ក្រុមកីឡាអូឡាំពិកកម្ពុជា ឆ្ពោះទៅកាន់កីឡាអូឡាំពិក នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកនាឆ្នាំ២០២៨ (LA28) ខាងមុខ។
លោកថា ការគាំទ្រនេះមិនមែនធ្វើឡើងដើម្បីស្វែងរកលាភសក្ការៈ ឬផលចំណេញផ្ទាល់ខ្លួននោះទេ តែជាការចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ ប្រកបដោយការលៈបង់ខ្ពស់ ដើម្បីនាំមកនូវមោទនភាពជាតិ ពិសេសការរួមគ្នាសម្រេចនូវក្ដីសុបិនជាប្រវត្តិសាស្ដ្រ ក្នុងការស្វែងរកមេដាយអូឡាំពិកលើកដំបូងជូនកម្ពុជា ដោយផ្ដើមចេញពីព្រឹត្តិការណ៍ LA28 តទៅ។
លោក វ៉ាត់ ចំរើន បន្ដថា «ស្មារតីនេះ មិនមែនជួយដើម្បីជាការស្វែងរកលាភសាការៈនោះទេ គឺជួយដើម្បីផ្ដល់នូវអ្វីដែលហៅថា មោទនភាពជាតិ។ អត្តពលិកជាតិរបស់យើង ខិតខំប្រឹងប្រែងហ្វឹកហាត់ គឺដើម្បីកិត្តិយសរបស់ជាតិ។ ឥឡូវយើងនេះ យើងមានសុបិនរួមគ្នាមួយ គឺការស្វែងរកមេដាយអូឡាំពិកឲ្យបាន ១ ព្រោះកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាលំដាប់កំពូលលើពិភពលោកនេះ កម្ពុជាយើងមិនដែលមានទេ បើមិនដែលមាន ហើយកម្រអ៊ីចឹង ច្បាស់ជាមានតម្លៃ ហើយជាតម្លៃប្រវត្តិសាស្ដ្រថែមទៀត»។
ទន្ទឹមជាមួយការដាក់ចេញនូវបេសកកម្មនៃសុបិនដ៏ធំនេះ ទាំងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្ត និងឆន្ទៈរបស់បណ្ដាក្រុមហ៊ុន និងវិស័យឯកជន ដែលបានចូលរួមសហការ និងផ្ដល់នូវភាពជាគំរូដល់បណ្ដាដៃគូផ្សេងៗ ក្នុងការចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា ក្នុងការបោះជំហានដ៏មានអត្ថន័យ ឆ្ពោះទៅបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យរួមគ្នានាថ្ងៃអនាគត៕







