សមាគមសិល្បករខ្មែរ ចុះ MOU ជាមួយនឹងមន្ទីរសម្រាកព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ
16-09-2026 12:59
(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ (Khmer Artists Association – KAA) និងមន្ទីរសម្រាកព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ (Royal Group Wellness Center-RGWC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦នេះ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសុខភាពបង្ការ ការអប់រំអំពីសុខុមាលភាព និងសេវាវេជ្ជសាស្ត្រ និងសុខុមាលភាពប្រកបដោយវិជ្ជាជីវៈ សម្រាប់សហគមន៍សិល្បកររបស់កម្ពុជា។ កិច្ចសហការថ្មីនេះ ពង្រីកលទ្ធភាពទទួលបានចំណេះដឹងអំពីសុខភាព និងសេវាវេជ្ជសាស្ត្រ និងសុខុមាលភាពប្រកបដោយវិជ្ជាជីវៈ សម្រាប់សមាជិកសមាគមសិល្បករខ្មែរជាង ៧០០នាក់។
កិច្ចព្រមព្រៀងនេះរៀបចំឡើង ក្រោមអធិបតីភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ តាមរយៈអនុស្សរណៈរវាងអង្គភាពទាំងពីរ នឹងសហការគ្នាលើការអប់រំ និងការលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងសុខុមាលភាព ការផ្សព្វផ្សាយទៅកាន់សហគមន៍ និងការសម្របសម្រួលឱ្យសិល្បករ មានលទ្ធភាពទទួលបានសេវាព្យាបាល ពិនិត្យជំងឺ និងថែទាំដែលមានតម្លៃសមរម្យនៅ RGWC។
សិល្បករដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិរក្សវប្បធម៌កម្ពុជា និងបំផុសគំនិតដល់សហគមន៍របស់យើង។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើង ដើម្បីជួយពួកគេថែរក្សាអ្វីដែលសំខាន់មួយទៀត គឺសុខភាពរបស់ពួកគេ។ តាមរយៈការធ្វើឱ្យការទទួលបាន សេវាសុខភាពបង្ការកាន់តែងាយស្រួល និងការគាំទ្រសមាជិកតាមរយៈ ការតាមដានថែទាំប្រកបដោយវិជ្ជាជីវៈ យើងសង្ឃឹមថា នឹងជួយសិល្បករឱ្យយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពរបស់ខ្លួន និងបន្តការងាររបស់ពួកគេ ដោយមានទំនុកចិត្តកាន់តែខ្ពស់។
លោកវេជ្ជបណ្ឌិត Raymond Kirwan អគ្គនាយកមន្ទីរសម្រាកព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ បានមានប្រសាសន៍ថា «សិល្បកររបស់យើងបានលះបង់ទេពកោសល្យរបស់ពួកគេ ដើម្បីរួមចំណែកក្នុងការលើកស្ទួយ ជីវិតវប្បធម៌របស់កម្ពុជា។ សុខភាព និងសុខុមាលភាពរបស់ពួកគេមានសារៈសំខាន់ ចំពោះការរួមចំណែកនេះ។ ភាពជាដៃគូនេះនឹងផ្តល់ឱ្យសមាជិកសមាគមសិល្បករខ្មែរ នូវលទ្ធភាពជាក់ស្តែងក្នុងការទទួលបានសេវាសុខភាពបង្ការ ការអប់រំអំពីសុខភាព និងអត្ថប្រយោជន៍សុខុមាលភាពពិសេសៗ ដោយមានការគាំទ្រពីសេវាថែទាំប្រកបដោយវិជ្ជាជីវៈ និងការរក្សាការសម្ងាត់»។
លោកស្រី នៅ សុនិតា អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំរើន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា «តាមរយៈកិច្ចសហការនេះ គឺជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់រួមគ្នាចំពោះ សុខភាព សុខុមាលភាព និងការថែទាំសុខភាពបង្ការ របស់សិល្បករខ្មែរ ដែលជាកម្លាំងដ៏សំខាន់មួយក្នុងការចូលរួមថែរក្សា លើកតម្កើង និងផ្សព្វផ្សាយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ»។
លោកស្រីបានបញ្ជាក់បបន្ថែមថា តាមរយៈកិច្ចសហការនេះ សិល្បករ-សិល្បការិនី និងសមាជិកសមាគមសិល្បករខ្មែរ នឹងមានឱកាសទទួលបានការគាំទ្រ និងអត្ថប្រយោជន៍ជាច្រើនពាក់ព័ន្ធនឹងសុខភាព និងសុខុមាលភាពរបស់ខ្លួន ដូចជា៖
ទី១៖ លើកកម្ពស់ការយល់ដឹងអំពីសុខភាព និងសុខុមាលភាពក្នុងចំណោមសមាជិកសមាគមសិល្បករខ្មែរ ដើម្បីឱ្យសិល្បករយើងកាន់តែយល់ដឹង ពីសារៈសំខាន់នៃការថែរក្សាសុខភាព និងការការពារជំងឺជាមុន។
ទី២៖ សម្របសម្រួលឱ្យសមាជិកសមាគមសិល្បករខ្មែរ មានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងសុខុមាលភាពដែលមានគុណភាព ពី Royal Group Wellness Center។
ទី៣៖ រៀបចំយុទ្ធនាការអប់រំសុខភាព សិក្ខាសាលា សន្និសីទ និងសកម្មភាពផ្សេងៗផ្នែកសុខុមាលភាព ដើម្បីផ្តល់ចំណេះដឹង និងលើកកម្ពស់ទម្លាប់ល្អ ក្នុងការថែរក្សាសុខភាពរបស់សិល្បករ។
និងទី៤៖ សិល្បករនៃសមាគមសិល្បករខ្មែរ នឹងទទួលបានសេវាពិគ្រោះជំងឺ ពិនិត្យសុខភាព និងការព្យាបាល ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងពិសេស ប្រកបដោយស្តង់ដារអន្តរជាតិពី Royal Group Wellness Center។ ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងបន្ថែម ជាមួយនឹងក្រុមការងាររបស់សមាគមសិល្បករខ្មែរ និង Royal Group Wellness Center បាន។
គួរបញ្ជាក់ថា តាមរយៈកេរ្តិ៍ឈ្មោះនៃវិជ្ជាជីវៈពេទ្យ បច្ចេកទេសដ៏ទំនើប និងសេវាកម្មដ៏ប្រណិត មន្ទីរសម្រាកព្យាបាល Royal Group Wellness Center នឹងផ្តល់ជូននូវសេវាកម្ម និងវិធីព្យាបាលផ្នែកសុខុមាលភាព យ៉ាងទូលំទូលាយ រួមមានការស្តារសុខភាព និងភាពរឹងមាំឡើងវិញ ការការពារជំងឺ និងការថែរក្សាសម្រស់ តាមរយៈវិធីសាស្ត្រវេជ្ជសាស្ត្រទំនើប។ សេវាកម្មទាំងនេះត្រូវបានផ្តល់ជូន ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខាភិបាល ដែលទទួលបានការបណ្តុះបណ្តាលជាអន្តរជាតិ ក្នុងបរិយាកាសប្រកបដោយភាពប្រណិត ឯកជន និងផាសុកភាព៕

















