ក្រុមហ៊ុនផលិតទូរសព្ទ និងកុំព្យូទ័រខ្នាតតូច រៀបចំខ្លួនទប់ទល់នឹងវិបត្តិខ្វះខាតបន្ទះឈីបអង្គចងចាំ ដែលអាចអូសបន្លាយជាច្រើនឆ្នាំ
16-09-2026 14:38
(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូន និងកុំព្យូទ័រយួរដៃខ្នាតតូច និងឯករាជ្យជុំវិញពិភពលោក កំពុងបង្ខំចិត្តកែសម្រួលការរចនាផលិតផល ពិនិត្យផ្ទៀងផ្ទាត់គ្រឿងបន្លាស់ដើម្បីទប់ស្កាត់ទំនិញក្លែងក្លាយ និងផ្ទេរបន្ទុកចំណាយទៅឱ្យអ្នកប្រើប្រាស់ ខណៈដែលវិបត្តិខ្វះខាតបន្ទះឈីបអង្គចងចាំ (Memory Chips) ត្រូវបានគេរំពឹងថានឹងអូសបន្លាយពេលយូរ។
វិបត្តិខ្វះខាតគ្រឿងបន្លាស់អេឡិចត្រូនិចនេះ មិនមែនជាបញ្ហាភ្លាមៗ ឬឆាប់បញ្ចប់នោះឡើយ ប៉ុន្តែវាបានក្លាយជាបញ្ហារចនាសម្ព័ន្ធដ៏ធ្ងន់ធ្ងរមួយ ដែលកើតចេញពីការប្រកួតប្រជែងយ៉ាងខ្លាំងក្លាលើវិស័យបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុនបច្ចេកវិទ្យាបានបង្វែរខ្សែសង្វាក់ផលិតកម្ម និងសមត្ថភាពរបស់ខ្លួន ទៅលើការផលិតបន្ទះឈីបកម្រិតខ្ពស់សម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) ដែលធ្វើឱ្យការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំទូទៅ (RAM និង NAND Flash) សម្រាប់ទីផ្សារឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាស្មាតហ្វូន និងកុំព្យូទ័រ ធ្លាក់ចុះយ៉ាងខ្លាំង និងមានតម្លៃថ្លៃកប់ពពក។
បច្ចុប្បន្ន ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកខ្នាតតូច កំពុងជួបប្រទះការលំបាកយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សធំៗដែលមានថវិកា និងឥទ្ធិពលខ្លាំងក្នុងការចរចាទិញវត្ថុធាតុដើម។ ភាពតឹងតែងនៃការផ្គត់ផ្គង់នេះ ធ្វើឱ្យក្រុមហ៊ុនតូចៗទាំងនោះត្រូវបង្ខំចិត្តធ្វើវិធីសាស្ត្រមួយចំនួនរួមមាន៖
១៖ កែសម្រួលបច្ចេកវិទ្យា និងការរចនាផលិតផល ដើម្បីកាត់បន្ថយការប្រើប្រាស់អង្គចងចាំដែលមានតម្លៃថ្លៃ។
២៖ រឹតបន្តឹងការត្រួតពិនិត្យគុណភាព ពិនិត្យមើលគ្រឿងបន្លាស់នាំចូលយ៉ាងហ្មត់ចត់ ដើម្បីការពារការទិញប៉ះចំឈីបក្លែងក្លាយនៅលើទីផ្សារងងឹត។
៣៖ ដំឡើងថ្លៃទំនិញ បង្ខំចិត្តទម្លាក់បន្ទុកចំណាយទៅលើអ្នកប្រើប្រាស់ចុងក្រោយ ដែលធ្វើឱ្យតម្លៃទូរសព្ទ និងកុំព្យូទ័រថោកៗ (Low-end / Budget devices) កាន់តែខ្សត់ខ្សោយនៅលើទីផ្សារ ឬអាចឈានដល់ការបាត់បង់ជម្រើសតម្លៃទាបមួយចំនួន។
អ្នកវិភាគទីផ្សារបានព្យាករថា វិបត្តិខ្វះខាតនេះនឹងបន្តដាក់សម្ពាធយ៉ាងខ្លាំងដល់ឧស្សាហកម្មបច្ចេកវិទ្យាពេញមួយឆ្នាំ២០២៦ នេះ និងអាចបន្តអូសបន្លាយដល់ឆ្នាំ២០២៧ ឬយូរជាងនេះ ដោយបង្ខំឱ្យក្រុមហ៊ុនផលិតឧបករណ៍ខ្នាតតូចត្រូវតែរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីរស់រានមានជីវិតក្នុងបរិបទទីផ្សារបច្ចុប្បន្ន៕












