ByteDance បំបែកផ្នែកផលិតថ្នាំ AI ចេញជាក្រុមហ៊ុនឯករាជ្យ សម្រេចបានមូលនិធិ ២៩០ លានដុល្លារ
16-09-2026 16:19
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance បានសម្រេចចិត្តបំបែកផ្នែកស្រាវជ្រាវ និងផលិតថ្នាំពេទ្យដោយប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ចេញពីក្រុមហ៊ុនមេ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។ តាមរយៈការបំបែកខ្លួននេះ ក្រុមហ៊ុនផលិតថ្នាំ AI ដែលមានឈ្មោះថា Anew Labs និងមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបញ្ចប់ការរៃអង្គាសថវិកាពីខាងក្រៅលើកដំបូងទំហំ ២៩០ លានដុល្លារ ដោយទទួលបានតម្លៃទីផ្សារសរុប (Valuation) រហូតដល់ ១,៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភពព័ត៌មានដែលបានដឹងពីបញ្ហានេះបានបង្ហើបថា មូលហេតុចម្បងនៃការបំបែកអង្គភាពនេះឡើង គឺដោយសារតែ «ការរកឃើញថ្នាំតាមរយៈ AI គឺត្រូវដើរតាមគំរូឧស្សាហកម្ម និងវិធីសាស្ត្រគ្រប់គ្រងខុសគ្នាពីប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុនមេ»។ យ៉ាងណាមិញ ទោះបីជាមានការបំបែកចេញជារបស់ខ្លួនឯងក៏ដោយ ក៏ក្រុមហ៊ុន ByteDance នៅតែបន្តរក្សាភាគហ៊ុនចំនួន ៥៦% ដដែល បន្ទាប់ពីបញ្ចប់កិច្ចការរៃអង្គាសថវិកានេះ។
គូសបញ្ជាក់ផងដែរថា គម្រោងរៃអង្គាសថវិកាទ្រង់ទ្រាយធំនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនវិនិយោគល្បីៗរួមមាន HSG (អតីត Sequoia China), IDG Capital និង Hillhouse Investment ដោយមានក្រុមហ៊ុន 5Y Capital ជាអ្នកដឹកនាំរួម (Co-lead investor)។ ក្រៅពីនេះ ក៏មានវិនិយោគិនយុទ្ធសាស្ត្រដទៃទៀតដូចជា ក្រុមហ៊ុន Gaorong Ventures, Primavera Venture Partners, Boyu Capital រួមទាំង SBP Group និងមូលនិធិគាំទ្រដោយរដ្ឋ Shanghai Future Industries Fund ផងដែរ។ ចំណែកឯភាគី ByteDance និងក្រុមវិនិយោគិនពាក់ព័ន្ធ មិនទាន់មានការឆ្លើយតបផ្លូវការណាមួយជុំវិញដំណឹងនេះនៅឡើយទេ៕









