គ.វ.អ សហការជាមួយក្រុមហ៊ុន ហ្វ្រេនលីនឃូវី នៅកម្ពុជា ចូលរួមពង្រឹងសមត្ថភាពគ្រូបង្គោល និងនាយកសាលារៀនគោលដៅចំនួន ១៦០ សាលា
16-09-2026 16:48
(បាត់ដំបង)៖ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) តាមរយៈលេខាធិការដ្ឋាន គ.វ.អ. បានសហការជាមួយ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) និង FranklinCovey Education នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព គ្រូបង្គោល និងគណៈគ្រប់គ្រងសាលារៀនគោលដៅ គ.វ.អ. ស្តីពី «ទម្លាប់ល្អទាំង ៧ របស់បុគ្គលឆ្នើម និងការអនុវត្តកម្មវិធីជំនាញសង្គមអារម្មណ៍ និងភាពជាអ្នកដឹកនាំសម្រាប់ សាលារៀននៃកម្មវិធី Leader in Me របស់ FranklinCovey»។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន គ.វ.អ. និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញចំណុះលេខាធិការដ្ឋាន គ.វ.អ. ថ្នាក់ដឹកនាំឧបត្ថម្ភសាលាផ្ការីក លោកបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប លោក ជា កញ្ញារិទ្ធិ ប្រធានក្រុមហ៊ុន FranklinCovey ប្រចាំកម្ពុជា ព្រមទាំងគ្រូបង្គោល គ.វ.អ. និងនាយក នាយិកាសាលារៀនគោលដៅ និងសាលាផ្ការីក សរុបប្រមាណ ២៥០នាក់។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំខេត្តបាត់ដំបង។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកដឹកនាំសាលា និងគ្រូបង្គោល ក្នុងការអភិវឌ្ឍអភិបាលកិច្ចសាលារៀន ឆន្ទៈ និងស្មារតីដឹកនាំ ការទទួលខុសត្រូវ ក៏ដូចជាការបង្កើត និងពង្រឹងទម្លាប់វិជ្ជមាននៅក្នុងសាលារៀន ស្របតាមការវិវត្តនៃចំណេះដឹង និងនិន្នាការសកល។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ជា កញ្ញារិទ្ធិ ប្រធានក្រុមហ៊ុន FranklinCovey ប្រចាំកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះអ្នកចូលរួម និងលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាព អ្នកអប់រំ ក្នុងការបង្កើតបរិយាកាសសិក្សាដែលជួយឱ្យសិស្សអភិវឌ្ឍមិនត្រឹមតែចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងជំនាញសង្គម ជំនាញគ្រប់គ្រងអារម្មណ៍ និងភាពជាអ្នកដឹកនាំ។
ជាមួយគ្នានេះ លោកបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានចែករំលែកអំពីសារៈសំខាន់នៃការអភិវឌ្ឍផ្នត់គំនិត និងទម្លាប់ល្អ ក្នុងការកសាងបុគ្គល ដែលមាន ប្រសិទ្ធភាព ព្រមទាំងបានធ្វើបទបង្ហាញអំពីផ្នត់គំនិត (Paradigm) នៃកម្មវិធី Leader in Me និងការអនុវត្តរបស់កម្មវិធីនៅក្នុងបរិបទសាលារៀន។
ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង សមត្ថភាពអ្នកអប់រំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការកែលម្អការដឹកនាំ និងការគ្រប់គ្រងសាលារៀន ព្រមទាំងការបង្កើតបរិយាកាសសិក្សាដែលគាំទ្រដល់ការអភិវឌ្ឍសិស្ស ប្រកបដោយភាពទូលំទូលាយ។
បន្ទាប់ពីពិធីបើក អ្នកចូលរួមនឹងបន្តចូលរួមវគ្គបណ្តុះបណ្តាល និងបទបង្ហាញដែលដឹកនាំដោយក្រុម ការងារក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដោយផ្តោតលើ «ទម្លាប់ល្អទាំង ៧ របស់បុគ្គលឆ្នើម» និងការអនុវត្តកម្មវិធី Leader in Me នៅក្នុងសាលារៀន។
ក្នុងរយៈពេល ៣ថ្ងៃ អ្នកចូលរួមនឹងសិក្សាពីទម្លាប់ទី១ ដល់ទី៧ ព្រមទាំងស្វែងយល់ពីដំណើរការអនុវត្ត កម្មវិធី Leader in Me កម្រិតទី១ និងសកម្មភាពរបស់ក្រុម Lighthouse ដែលជាផ្នែកមួយនៃការអនុវត្ត កម្មវិធីនៅក្នុងសាលារៀន។ ខ្លឹមសារនៃការបណ្តុះបណ្តាលនឹងផ្តោតលើការអភិវឌ្ឍទម្លាប់វិជ្ជមាន ជំនាញសង្គម ជំនាញគ្រប់គ្រងអារម្មណ៍ និងជំនាញភាពជាអ្នកដឹកនាំ ដែលអាចយកទៅអនុវត្តក្នុង ការងារប្រចាំថ្ងៃ និងបរិបទសាលារៀន។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងឧបករណ៍សម្រាប់យកទៅ អនុវត្តក្នុងសាលារៀន ដើម្បីគាំទ្រដល់ការកែលម្អការដឹកនាំ និងការគ្រប់គ្រងសាលារៀន ព្រមទាំងការ អភិវឌ្ឍសិស្សទាំងផ្នែកចំណេះដឹង ជំនាញសង្គម ជំនាញអារម្មណ៍ និងភាពជាអ្នកដឹកនាំ៕









