ABA ក្លាយជាធនាគារលេខ ១ របស់កម្ពុជា ក្នុងបញ្ជីធនាគារដែលមានសមត្ថភាពខ្ពស់បំផុតលើពិភពលោក ឆ្នាំ ២០២៦ពីទស្សនាវដ្ដី Forbes
16-09-2026 17:30
(ភ្នំពេញ)៖ ពីកម្ពុជា ABA ជាធនាគារដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត ក្នុងបញ្ជីធនាគារឆ្នើមៗលើពិភពលោក ប្រចាំឆ្នាំ2026 (World’s Top Performing Banks 2026 Ranking) ដែលជាការវាយតម្លៃលើកដំបូងរបស់ទស្សនាវដ្តី Forbes។ ABA លេខ 1 នៅកម្ពុជា និងលេខ 31 នៅទូទាំងពិភពលោក ក្នុងលំដាប់ធនាគារដែលមានសមត្ថភាពប្រតិបត្តិការល្អបំផុត ក្នុងប្រភេទ ធនាគារខ្នាតមធ្យមកម្រិតទាប (Lower Mid-size Banks)។
ការទទួលស្គាល់នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ធនាគារABA និងបញ្ជាក់យ៉ាងច្បាស់ថា ABA ជាធនាគារស្តង់ដារសកល ដែលមានអានុភាព ភាពធន់រឹងមាំ និងគុណភាពនៃលទ្ធផលហិរញ្ញវត្ថុ។
ក្រោមការរៀបចំរបស់ទស្សនាវដ្តី Forbes សហការជាមួយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Statista ចំណាត់ថ្នាក់ធនាគារឆ្នើមៗលើពិភពលោក ឆ្នាំ2026 នេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅលើទិន្នន័យហិរញ្ញវត្ថុជាក់ស្ដែង 4 ចំណុចសំខាន់ៗ៖
• ប្រាក់ចំណេញ
• ការរីកចម្រើន និងគុណភាពប្រាក់ចំណូល
• ភាពធន់រឹងមាំនៃដើមទុន និងប្រភពមូលនិធិមានស្ថិរភាពជាទីពំនឹង
• គុណភាពទ្រព្យសកម្ម និងប្រសិទ្ធភាពប្រតិបត្តិការ។
ដើម្បីធានានូវការវាយតម្លៃបានត្រឹមត្រូវរវាងធនាគារដែលមានទំហំខុសៗគ្នា គ្រឹះស្ថាននីមួយៗត្រូវបានបែងចែកជា 6 ក្រុម ដោយផ្អែកទៅលើទំហំទ្រព្យសកម្មសរុប។ ធនាគារ ABA ត្រូវបានចាត់ថ្នាក់ក្នុងក្រុមធនាគារខ្នាតមធ្យមកម្រិតទាប ដែលធនាគារដែលស្ថិតក្នុងក្រុមនេះ ត្រូវមានទ្រព្យសកម្មចន្លោះពី 10-20 ប៊ីលានដុល្លារអាមេរិក។ ក្នុងក្រុមនេះធនាគារ ABA ជាប់ចំណាត់ថ្នាក់លេខ 31 នៅទូទាំងពិភពលោក និងចំណាត់ថ្នាក់លេខ 1 នៅកម្ពុជា។
ផ្អែកតាមចំណាត់ថ្នាក់នេះ ធនាគារ ABA ឈរនៅកំពូលតារាងក្នុងចំណោមធនាគារដែលមានលទ្ធផលប្រតិបត្តិការល្អបំផុតចំនួន 500មកពី 89ប្រទេស ដែលត្រូវបានទទួលស្គាល់ក្នុងការវាយតម្លៃជាសកលលើកដំបូងរបស់ទស្សនាវដ្តី Forbes។
សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ ពីគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំរបស់ ABA និងសមត្ថភាពរបស់ធនាគារក្នុងការ រក្សាបាននូវប្រាក់ចំណេញ និងស្ថិរកំណើន ជាមួយនឹងដើមទុនដ៏រឹងមាំ និងប្រភពមូលនិធិមានស្ថិរភាពជាទីពំនឹង, គុណភាពទ្រព្យសកម្ម និងប្រសិទ្ធភាពប្រតិបត្តិការ។ ការណ៍នេះ ក៏រំលេចឲ្យឃើញពីតួនាទីរបស់ធនាគារក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅកម្ពុជា ហើយចំណាត់ថ្នាក់កំពូលរបស់ ABA ក្នុងតារាងសកល ក៏បង្ហាញផងដែរថា វិស័យធនាគាររបស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិតាមស្ដង់ដារពិភពលោក។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំ មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទស្សនាវដ្តី Forbes ទទួលស្គាល់ជាធនាគារលេខ 1 នៅកម្ពុជា ក្នុងការវាយតម្លៃ ធនាគារឆ្នើមៗលើពិភពលោកជាលើកដំបូងរបស់ទស្សនាវដ្ដី។ ការដែលធនាគារ ABA ត្រូវបានវាយតម្លៃ ក្នុងចំណោមធនាគារកំពូលៗជុំវិញពិភពលោក ដោយផ្អែកលើសូចនាករហិរញ្ញវត្ថុជាក់ស្ដែង បានធ្វើឲ្យចំណាត់ថ្នាក់នេះកាន់តែមានអត្ថន័យពិសេសសម្រាប់យើងខ្ញុំ”។
លោកក៏បានបន្តថា “សមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃអាជីវកម្មនិងសង្គតិភាពនៃលទ្ធផលដែលយើងខ្ញុំសម្រេចបានកន្លងមក។ ប៉ុន្ដែជាក់ស្ដែង ចំណាត់ថ្នាក់នេះ ក៏ជាការឆ្លុះបញ្ចាំងមួយដែលលើសភាពរឹងមាំ និងសង្គតិភាព ពោលគឺជាលទ្ធផលនៃទំនុកចិត្តរបស់អតិថិជនរាប់លាននាក់មកលើធនាគារយើងខ្ញុំ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមការងារ និងការបន្តផ្តោតសំខាន់ទៅលើការកសាងធនាគារដែលរឹងមាំ ជាទីទុកចិត្ត និងមានចក្ខុវិស័យឆ្ពោះទៅមុខ។ យើងខ្ញុំមានមោទនភាពដែលបានឃើញលទ្ធផលប្រតិបត្តិការរបស់ ABA ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ហើយយើងខ្ញុំនឹងបន្តបង្កើនស្តង់ដារប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែខ្ពស់ឡើងជាលំដាប់បន្ថែមទៀត”។
អំណឹះតទៅ ធនាគារ ABA នឹងបន្តពង្រឹងមូលដ្ឋានគ្រឹះដែលជាចលករនាំមកនូវលទ្ធផលការងារល្អប្រសើរក្នុងរយៈពេលវែង តាមរយៈការវិនិយោគទៅលើធនធានមនុស្ស បច្ចេកវិទ្យា និងសមត្ថភាពរបស់ខ្លួនព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់អតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍជាបន្ដបន្ទាប់ និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា៕



