លោក ហ៊ុន ម៉ានី លើកកម្ពស់សកម្មភាពកីឡាដល់កុមារ និងយុវជននៅភូមិរង់ចាំ បន្ថែមលើការខិតខំសិក្សារៀនសូត្រ
16-09-2026 17:56
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី នី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដា បានជំរុញ និងលើកទឹកកម្ពស់សកម្មភាពកីឡាដល់កុមារ និងយុវជន ដែលស្រលាញ់វិស័យកីឡាលើភូមិរង់ចាំ បន្ថែមលើការខិតខំសិក្សារៀនសូត្រ។
ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោកបានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Football Clinic បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិរង់ចាំ ក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» នៃព្រឹត្តិការណ៍បាល់ទាត់ផ្សារភ្ជាប់សប្បុរសធម៌ ដែលរៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នៅភូមិរង់ចាំ កាលពីថ្មីៗ
លោក ហ៊ុន ម៉ានី បន្ដថា កម្មកម្មវិធី Football Clinic ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យកីឡា ព្រមទាំងផ្តល់ឱកាសដល់កុមារ និងយុវជន ដែលស្រឡាញ់កីឡា បានសិក្សា ស្វែងយល់ និងទទួលការបង្ហាត់បង្ហាញពីមូលដ្ឋានគ្រឹះនៃបាល់ទាត់ និងបច្ចេកទេសនៃកីឡា។ ជាពិសេសប្អូនៗបានជួប និងចូលរួមលេងជាមួយអតីតកីឡាករជម្រើសជាតិ និងកីឡាករអាជីពជាច្រើនរូប ដែលជាឱកាសសម្រាប់កុមារ និងយុវជន ក្នុងការស្វែងយល់ រៀនសូត្រ និងទទួលបានការលើកទឹកចិត្តពីអ្នកមានបទពិសោធន៍ក្នុងវិស័យកីឡា។
ទន្ទឹមជាមួយគ្នានោះ ក្រុមការងារក៏បាននាំយកនូវសម្ភារៈសិក្សាមួយចំនួន ដើម្បីប្រគល់ជូនសិស្សានុសិស្សនៅភូមិរង់ចាំ ដែលជាការរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់ពួកគាត់ផងដែរ។
គួរដឹងថា ក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» កាលពីចុងសប្ដាហ៍កន្លងទៅ លោក ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ដ្រីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុម ស.ស.យ.ក. អលស្ដារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦ផងដែរ។
ជាមួយគ្នាលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏លោក ហ៊ុន ម៉ានី រួមជាមួយគណៈប្រតិភូ និងសប្បុរសជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីស្ថានភាពរស់នៅ ព្រមទាំងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំនាពេលបច្ចុប្បន្ន។
ក្នុងនោះដែរ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចទាំងពីរ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិទាំង៦។ លោកបានរំលេចផងដែរថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាបាល់ទាត់ជាមួយសកម្មភាពសប្បុរសធម៌ ព្រមទាំងបំផុសចលនា និងកៀរគរការចូលរួមពីសំណាក់សប្បុរសជន និងសាធារណជន តាមរយៈការបរិច្ចាគថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាតាមលទ្ធភាព ដើម្បីរួមចំណែកផ្តល់ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦៕













