Meta ត្រៀមបញ្ចេញវ៉ែនតាឆ្លាតវៃគ្មានកាមេរ៉ា «Luna» នៅខែតុលា ដើម្បីគេចផុតពីការរិះគន់រឿងភាពឯកជន
17-09-2026 08:33
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta គ្រោងនឹងដាក់លក់វ៉ែនតាឆ្លាតវៃគ្មានកាមេរ៉ា ដែលមានឈ្មោះកូដផ្ទៃក្នុងថា «Luna» នៅរដូវស្លឹកឈើជ្រុះនេះ។ យោងតាមសារព័ត៌មាន The Information ផែនការបង្កើតវ៉ែនតាគ្មានកាមេរ៉ានេះ គឺធ្វើឡើងបន្ទាប់ពីវ៉ែនតាឆ្លាតវៃបំពាក់កាមេរ៉ារបស់ខ្លួន (Ray-Ban Meta) កំពុងរងការត្រួតពិនិត្យ និងការរិះគន់កាន់តែខ្លាំងឡើងៗ ជុំវិញបញ្ហាភាពឯកជននៃការថតរូប ឬវីដេអូក្នុងទីសាធារណៈដោយគ្មានការយល់ព្រម ដែលបណ្តាលឱ្យកន្លែងសំខាន់ៗដូចជា សាលារៀន និងរោងភាពយន្តហាមឃាត់ការប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ទោះបីជាគ្មានកាមេរ៉ាក៏ដោយ ប៉ុន្តែវ៉ែនតា Luna ត្រូវបានបំពាក់ដោយមីក្រូហ្វូនចំនួន ៦ និងប៊ូតុងបញ្ជាផ្នែកខាងចំហៀង ដែលផ្តោតសំខាន់លើការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) តាមរយៈសំឡេង។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចនិយាយឆ្លើយឆ្លងជាមួយ Meta AI chatbot និង Muse ដែលជាភ្នាក់ងារ AI ថ្មីរបស់ក្រុមហ៊ុនបានយ៉ាងងាយស្រួល ព្រមទាំងមានប្រព័ន្ធបំពងសម្លេង (Speakers) ស្រដៀងទៅនឹងម៉ូដែលបច្ចុប្បន្នផងដែរ។
យោងតាមប្រភពដដែល ក្រុមហ៊ុន Meta អាចនឹងបង្ហាញវ៉ែនតានេះជាផ្លូវការនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ Meta Connect ដែលគ្រោងប្រព្រឹត្តទៅនាពាក់កណ្តាលសប្តាហ៍ក្រោយនេះ ខណៈដែលការដឹកជញ្ជូន និងដាក់លក់នៅលើទីផ្សារត្រូវបានកំណត់គោលដៅក្នុងខែតុលាខាងមុខ។ យ៉ាងណាមិញ ភាគីក្រុមហ៊ុន Meta មិនទាន់បានឆ្លើយតបចំពោះសេចក្តីរាយការណ៍នេះនៅឡើយទេ៕







