Barcelona ស៊ុត Racing ៧គ្រាប់ បន្តកំណត់ត្រាឈ្នះ ១០០% នៅដើមរដូវកាលក្នុងលីគ La Liga
17-09-2026 09:44
(បរទេស)៖ FC Barcelona បន្តធ្វើបានល្អឥតខ្ចោះ ១០០% ក្នុងលីគអេស្ប៉ាញ La Liga នៅដើមរដូវកាលថ្មីឆ្នាំ២០២៦-២៧ តាមរយៈយកឈ្នះគូប្រជែង Racing de Santander ៧ទល់នឹង២ នាយប់មិញ និងបន្តក្តោបក្តាប់តំណែងកំពូលតារាងដដែល។
ខ្សែប្រយុទ្ធប្រេស៊ីល Raphinha ធ្វើបានហែតទ្រីក (៣គ្រាប់) និងកើនបាន ៩គ្រាប់ច្រើនជាងគេផងដែរសម្រាប់ក្រុមការពារតំណែងជើងឯកលីគ Barcelona ដែលទើបលេងបាន ៦ប្រកួតនៃជើងទី១ និងមាន ១១គ្រាប់ឯណោះគ្រប់កម្មវិធីទាំងអស់។
ក្រុមអ្នកមានបុណ្យដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Hansi Flick តែងតែធ្វើបាន ៥គ្រាប់ ឬលើសពីនេះនៃ ៧ប្រកួតគ្រប់កម្មវិធីទាំងអស់ ដែលមានគ្រាប់សរុបកើនដល់ ៣៣គ្រាប់មកហើយ។
ទោះជាយ៉ាងណា ក្រុមភ្ញៀវ Racing ក៏មានឱកាសតដៃបាន ២គ្រាប់វិញដែរ ពោលគឺនៅពេលម្ចាស់ផ្ទះនាំមុខ ៣គ្រាប់មុន និងបញ្ចប់ក្នុងលទ្ធផល ៤-១ ក្នុងរយៈពេល ៤៥នាទីដំបូង នៅពេលដែល Joao Cancelo ជាអ្នករកបានគ្រាប់បែកពងមាន់ត្រឹមចាប់ផ្តើមលេងបានតែ ៨នាទីប៉ុណ្ណោះតាមរយៈទាត់ពីចម្ងាយ ២០យ៉ាតឯណោះក្នុងកីឡដ្ឋាន Camp Nou។
ឆ្លងតាមជ័យជម្នះនេះ Barcelona រកបាន ១៨ពិន្ទូពេញ ក្រោយលេងបាន ៦ប្រកួតឈ្នះទាំងអស់ ដ្បិតគូប្រជែង Real Madrid តាមពីក្រោយឈរលេខ២ ដោយមាន ១៥ពិន្ទុ ព្រោះភ្លាត់ស្នៀតចាញ់ ១ប្រកួត ស្ថិតក្រោមការដឹកនាំជាលើកទី២ របស់លោក Jose Mourinho គ្រាដែល Racing ឈរលេខ១០ និងមាន ៧ពិន្ទុ ក្រោយស្គាល់រសជាតិចាញ់លើកទី៣៕



