ក្រោយដឹកនាំអេស្ប៉ាញ ឈ្នះជើងឯក World Cup 2026 គ្រូបង្វឹក Fuente បន្លាយកិច្ចសន្យាដល់ឆ្នាំ២០៣២
17-09-2026 10:05
(ម៉ាឌ្រីដ)៖ គ្រូបង្វឹក De la Fuente បានព្រមព្រៀងបន្តកិច្ចសន្យាដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញដល់ឆ្នាំ២០៣២ ក្រោយរួមចំណែកជួយក្រុមគោជល់មួយនេះឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 និងជាពិសេស FIFA World Cup 2026 តែម្តង។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចសន្យាថ្មីរបស់បុរសវ័យ ៦៥ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះមានសុពលភាពដល់ឆ្នាំ២០៣២ នឹងកើនដល់ ១០ឆ្នាំគត់តែម្តង ក្នុងរជ្ជកាលដឹកនាំក្រុមធំអេស្ប៉ាញនៅតំបន់អឺរ៉ុបមួយនេះ បន្ថែមលើកិច្ចសន្យាចាស់របស់លោកដែលនឹងផុតសុពលភាពនាឆ្នាំ២០២៨ ខាងមុខ។
នេះមានន័យថា លោក Fuente ដែលបានដឹកនាំអេស្ប៉ាញដណ្តើមបានជើងឯកអឺរ៉ុប Euro គម្រប់លើកទី៤ របស់ពួកគេកាលឆ្នាំ២០២៤ នឹងបន្តដឹកនាំគោជល់ការពារតំណែងជើងឯក World Cup ក្នុងទឹកដីរបស់ខ្លួនសម្រាប់ World Cup 2030 ផ្ទាល់តែម្តង។
នៅចាំបានថា លោក De la Fuente បានចូលដឹកនាំអេស្ប៉ាញជំនួសតំណែងលោក Luis Enrique កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីក្រុមគោជល់មួយនេះបានហាលអាវពី World Cup 2022 ត្រឹមវគ្គ ១៦ក្រុមប៉ុណ្ណោះ ដែលលេងតែ ៣២ក្រុម (ប្រទេស) ដែលមានកាតាធ្វើម្ចាស់ផ្ទះ ហើយអាហ្សង់ទីនដណ្តើមបានជើងឯកគ្រានោះ។
តាំងពីនោះមក ពួកគេលេងចាញ់តែ ២លើកគត់ ក្នុងចំណោម ៤១ប្រកួតគ្រប់កម្មវិធីទាំងអស់ និងឈ្នះបាន ៣ពានថែមទៀតផងដោយរួមមាន UEFA Nations League 2022-23 និងរងជើងឯកពាននេះម្តងទៀត ក្រោយចាញ់ព័រទុយហ្គាល់ក្នុងឆ្នាំ២០២៤-២៥៕



