ក្រុមហ៊ុន OpenAI និង Anthropic បើកផ្លូវឱ្យអ្នកជំនាញខាងក្រៅចូលរួមពិនិត្យសុវត្ថិភាព AI
17-09-2026 10:28
(បរទេស)៖ ក្នុងពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កជាក្តីបារម្ភផ្នែកសន្តិសុខសកល ក្រុមហ៊ុនអភិវឌ្ឍន៍ AI យក្សពីរគឺ Anthropic និង OpenAI បានបង្ហាញគំនិតផ្ដួចផ្ដើមថ្មីមួយក្នុងការអនុញ្ញាតឱ្យមាន «អ្នកវាយតម្លៃសុវត្ថិភាពពីភាគីទីបី (Third-party safety evaluators)» ចូលរួមត្រួតពិនិត្យ និងវាយតម្លៃម៉ូដែល AI មុនពេលដាក់ឱ្យប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យនេះនៅតែមានចម្ងល់ជុំវិញកម្រិតនៃភាពឯករាជ្យ និងតម្លាភាពពិតប្រាកដនៃដំណើរការនេះ។
យោងតាមរបាយការណ៍របស់ TechCrunch កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Anthropic លោក Dario Amodei បានស្នើឱ្យមានការផ្តល់សិទ្ធិអំណាចស្រដៀងនឹងបុគ្គលិកផ្ទៃក្នុង (Employee-like access) ដល់អ្នកជំនាញសុវត្ថិភាពក្រៅស្ថាប័ន ដើម្បីអាចចូលពិនិត្យមើលដំណើរការបណ្តុះបណ្តាល ព្រមទាំងប្រព័ន្ធទប់ស្កាត់ហានិភ័យផ្សេងៗ។ មិនយូរប៉ុន្មានក្រោយមក លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ក៏បានគាំទ្រ និងបង្ហាញការប្តេជ្ញាចិត្តស្រដៀងគ្នានេះផងដែរ។
ទោះបីជាគំនិតនេះត្រូវបានចាត់ទុកថាជាជំហានវិជ្ជមានដំបូងក្នុងការកសាងទំនុកចិត្តសាធារណៈក៏ដោយ ក៏អ្នកវិភាគ និងនិយតករបានលើកឡើងពីបញ្ហាប្រឈមចម្បងៗចំនួនបី ដែលអាចប៉ះពាល់ដល់ភាពឯករាជ្យនៃការវាយតម្លៃ៖
១៖ ជម្លោះផលប្រយោជន៍ និងការផ្តល់មូលនិធិ ដោយសារអ្នកវាយតម្លៃសុវត្ថិភាពទាំងនោះត្រូវបានអញ្ជើញ និងផ្តល់ថវិកា ឬប្រាក់ខែដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុន AI ខ្លួនឯង សំណួរចោទឡើងថា តើពួកគេអាចហ៊ានរាយការណ៍ពីកំហុសឆ្គង ឬហានិភ័យធ្ងន់ធ្ងរដោយគ្មានការរើសអើង ឬបារម្ហពីការបាត់បង់ផលប្រយោជន៍ដែរឬទេ?
២៖ សិទ្ធិក្នុងការត្រួតពិនិត្យ និងកែសម្រួលព័ត៌មាន (Redaction Rights) ក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើននៅតែរក្សាសិទ្ធិក្នុងការពិនិត្យមើល និងលុបបំបាត់ព័ត៌មានរសើប ឬអាថ៌កំបាំងពាណិជ្ជកម្ម មុនពេលរបាយការណ៍វាយតម្លៃណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
៣៖ តុល្យភាពរវាងសុវត្ថិភាពសង្គម និងអាថ៌កំបាំងអាជីវកម្ម ការផ្តល់សិទ្ធិទូលំទូលាយពេកដល់អ្នកក្រៅ អាចបង្កហានិភ័យនៃការបែកធ្លាយបច្ចេកវិទ្យាស្នូល ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនមានការស្ទាក់ស្ទើរក្នុងការបើកចំហទិន្នន័យពិតប្រាកដ។
អ្នកជំនាញផ្នែកគោលនយោបាយបច្ចេកវិទ្យាបានសន្និដ្ឋានថា ការសន្យាដោយស្ម័គ្រចិត្តរបស់ក្រុមហ៊ុនឯកជនទាំងនេះ មិនទាន់គ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាពជាសកលនោះឡើយ។ ពិភពលោកចាំបាច់ត្រូវមានការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពីរដ្ឋាភិបាលច្បាស់លាស់ ដើម្បីធានាថាស្ថាប័នត្រួតពិនិត្យសុវត្ថិភាពមានឯករាជ្យភាពពិតប្រាកដ និងអាចការពារផលប្រយោជន៍សាធារណជនបានយ៉ាងមានប្រសិទ្ធភាព៕











