* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ
* ចំណេះដឹងទូទៅ៖ កំណើន GDP ប្រទេសអាស៉ីអាគ្នេយ៍ ក្នុងរយៈពេល ៣ទសវត្សរ៍ (១៩៩៤–២០២៥)

គ្រូព្រះខ័នរាជ ជឿជាក់ក្រុមអាចបង្កការលំបាកដល់ក្រុមខ្លាំងជប៉ុន Machida ក្នុងជំនួបពាន ACL2 ល្ងាចនេះ

17-09-2026 10:38

(ភ្នំពេញ)៖ លោក Mattew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ជឿជាក់ក្រុមនឹងអាចបង្កការលំបាកដល់ក្រុមខ្លាំងជប៉ុន FC Machida Zelvia ដែលនឹងត្រូវជួបគ្នានាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៧ ខែកញ្ញានេះ នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ ក្នុងជំនួបបើកឆាកពូល G នៃជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two-ACL2) ឆ្នាំ២០២៦/២៧។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោកបានបង្ហាញពីការទន្ទឹងរង់ចាំការប្រកួត ជាមួយការត្រៀមខ្លួនរួចរាល់ សម្រាប់ការបង្ហាញវត្តមានលើកដំបូងក្នុងពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះ។ ជាងនេះទៅទៀត លោកក៏បានសិក្សាច្បាស់ពីគូប្រជែងដែលជាក្រុមខ្លាំង និងមានគុណភាព។ លោកថា Machida Zelvia ចូលចិត្តប្រើទម្រង់លេងវាយសម្រុកខ្លាំង ពិសេសការបញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់ពីចំហៀង។

លោកថា McConkey បន្ដថា «ពួកគេមានភាពខ្លាំងក្លា និងសកម្មខ្លាំងនៅពេលបាត់បាល់។ ជាការពិតណាស់ ពួកគេមានកីឡាករដែលមានសមត្ថភាពលេចធ្លោនៅក្នុងក្រុម ដូច្នេះវាពិតជានឹងមានការលំបាកសម្រាប់ពួកយើង។ ប៉ុន្ដែយើងជឿជាក់ថា យើងអាចបង្កការលំបាកដល់ពួកគេបាន។ ខ្ញុំគិតថា របៀបលេងរបស់យើងមានលក្ខណៈខុសប្លែកខ្លះៗ ទោះបីជាមានចំណុចស្រដៀងគ្នាខ្លះក៏ដោយ។ សង្ឃឹមថាវានឹងក្លាយជាការប្រកួតដ៏ល្អមួយ»

នេះគឺជាការប្រកួតដំបូងក្នុងពូល G ដែលមានបេក្ខភាព ៤ក្រុមត្រូវធ្វើការប្រកួតចំនួន ២ជុំ ដើម្បីប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Champion League Two 2026/27 ស្របពេលនៅល្ងាចថ្ងៃព្រហស្បតិ៍នេះដែរ នឹងមានការប្រកួតក្នុងពូលមួយគូទៀត រវាងក្រុមម្ចាស់ផ្ទះ Shanghai Shenhua របស់ចិន ជាមួយក្រុម Tampines Rovers របស់សិង្ហបុរី។ ចាំមើលតើក្រុមណាខ្លះ នឹងអាចស្វែងរកពិន្ទុពីការប្រកួតដំបូងរបស់ខ្លួនថ្ងៃនេះ?