* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ
* ចំណេះដឹងទូទៅ៖ កំណើន GDP ប្រទេសអាស៉ីអាគ្នេយ៍ ក្នុងរយៈពេល ៣ទសវត្សរ៍ (១៩៩៤–២០២៥)

ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ

17-09-2026 12:52

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កំពុងបង្ហាញពន្លឺ និងក្តីសង្ឃឹមយ៉ាងមុតមាំ ក្នុងការនាំយកប្រភេទកីឡាអូឡាំពិកនេះ ត្រឡប់ទៅបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក (Olympic Games) សាជាថ្មី បន្ទាប់ពីបានខកខានអស់រយៈពេលជាង ៦០ឆ្នាំ។

នេះបើតាមការបង្ហាញសុទិដ្ឋិនិយមរបស់លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោយចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង BRICS House Cambodia លើភាពជាដៃគូអភិវឌ្ឍកីឡាប្រដាល់សកលអាជីព រយៈពេល ២ឆ្នាំនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ពីគោលដៅ និងយុទ្ធសាស្ដ្រឆ្ពោះទៅលើកីឡាអូឡាំពិក ដោយផ្ដើមពីការខិតខំពង្រឹង ទាំងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំ និងធនធានធនមនុស្ស ពិសេសកីឡាករ-កីឡាការិនី ទាំងកម្រិតស្ម័គ្រចិត្ត និងអាជីព។ សម្រាប់គោលដៅចម្បង គឺការខិតខំសម្រួចគុណផលអត្តពលិកត្រៀមប្រកួតជម្រុះ ដើម្បីទទួលបានសិទ្ធិផ្លូវការចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក មុនសម្លឹងរកឱកាសទៅប្រជែងមេដាយនាព្រឹត្តិការណ៍បន្ដបន្ទាប់។

នេះគឺជាការសម្លឹងឃើញនូវឱកាសក្នុងការត្រឡប់ទៅចូលរួមប្រកួតកីឡាអូឡាំពិកវិញរបស់កីឡាប្រដាល់សកលកម្ពុជា ក្នុងនាមជាប្រភេទកីឡាជាតិដ៏មានសក្ដានុពលមួយកាលពីអតីតកាល ជាក់ស្ដែងឆ្នាំ១៩៦៤ កម្ពុជាមានកីឡាករប្រដាល់សកលរហូតដល់ ៤រូប ដែលទទួលបានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រាដែលអត្តពលិក ២រូប បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៩ ដែលជាកម្រិតគុណផលដ៏ខ្ពស់បំផុតរបស់ប្រដាល់សកល ក៏ដូចជាកីឡាជាតិទាំងមូល។

ដូច្នេះតាមរយៈកិច្ចសហការខាងលើ លោកបានចាត់ទុកជាកាលានុវត្តភាពថ្មីបន្ថែមទៀតរបស់សហព័ន្ធ សម្រាប់អាណត្តិទី៨ លើការកែទម្រង់ការប្រកួតប្រដាល់សកលអាជីព បន្ទាប់ពីសហព័ន្ធ បានសហការជាមួយដៃគូរៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីពប្រចាំខែ ហើយបានពង្រឹងការរៀបចំនេះឲ្យស្របតាមបទបញ្ជាបច្ចេកទេសអន្តរជាតិ រហូតត្រូវបានទទួលស្គាល់ជាផ្លូវការពីស្ថាប័ន BOXREC ដែលជាស្ថាប័នកត់ត្រា និងចាត់ថ្នាក់កីឡាប្រដាល់អាជីពដ៏ធំបំផុតនៅលើពិភពលោកកាលពីថ្មីៗ។

លោក ប៊ុយ សុភ័ណ្ឌ បន្ដថា «ភាពជាដៃគូរវាងសហព័ន្ធ និង BRICS House នាពេលនេះ នឹងក្លាយជាកាលានុវត្តភាពជាប្រវត្តិសាស្រ្តថ្មីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីប្រដាល់សកលអាជីពបានពង្រឹងសមត្ថភាព និងបង្កើនចំណូល ក៏ដូចជារួមចំណែកអភិវឌ្ឍគុណផលក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតអន្តរជាតិ ជាមួយចក្ខុវិស័យរបស់សហព័ន្ធ ក្នុងការនាំយកប្រដាល់សកលកម្ពុជា ទៅចូលរួមការប្រកួតកីឡាអូឡាំពិកសាជាថ្មី ព្រោះប្រដាល់សកលកម្ពុជាយើងធ្លាប់បានសាងកំណត់ត្រាប្រវត្តិសាស្រ្តខ្ពស់បំផុត សម្រាប់កីឡាជាតិកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន»។

ជាមួយការដាក់គោលដៅដ៏ធំនេះ ក្រៅពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីផ្ទាល់ រួមជាមួយការជួយជ្រោមជ្រែងពីវិស័យឯកជន ក៏ត្រូវការពេលវេលាផងដែរ។ បន្ទាប់ពីទទួលបានសញ្ញាណវិជ្ជមានជាច្រើនពីកំណែទម្រង់ក្នុងអាណត្តិទី៨ លោកថា កីឡាអូឡាំពិក ឆ្នាំ២០២៨ សហព័ន្ធផ្ដោតត្រឹមឆ្លងឲ្យផុតវគ្គជម្រុះ និងទទួលបានសិទ្ធិចូលរួមការប្រកួតផ្លូវការសិន តែទិសដៅធំមែនទែន គឺកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅអូស្ដ្រាលី ឬកីឡាអូឡាំពិក ឆ្នាំ២០៣៦ (មិនទាន់កំណត់ម្ចាស់ផ្ទះ) ដែលសហព័ន្ធរំពឹងប្រដាល់សកលកម្ពុជា អាចឈានដល់ការប្រជែងមេដាយ។ ទាំងអស់នេះ គឺជាការតាំងចិត្ត និងប្ដេជ្ញារបស់សហព័ន្ធ ដើម្បីកសាងនូវកំណត់ត្រាប្រវត្តិសាស្ដ្រ ហើយឈានដល់ដណ្ដើមមេដាយអូឡាំពិកជូនជាតិមាតុភូមិនាថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្រៅពីចាប់ដៃគូគ្នា ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលអាជីពនៅកម្ពុជា សហព័ន្ធក៏បានតែងតាំងលោក Vladimir Palancica ជាអនុប្រធានគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា ដើម្បីពួតដៃគ្នាក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើនផងដែរ៕