* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ
* ចំណេះដឹងទូទៅ៖ កំណើន GDP ប្រទេសអាស៉ីអាគ្នេយ៍ ក្នុងរយៈពេល ៣ទសវត្សរ៍ (១៩៩៤–២០២៥)

ស្ថាប័នអប់រំ «អេជី» បើកពិធីបញ្ចុះបឋមសិលាសាងសង់ «សាលាអន្តរជាតិហ្គ្រែនម៉ោនទីតាំង៣៧១» ក្នុងខណ្ឌមានជ័យ

17-09-2026 13:44

(ភ្នំពេញ)៖ គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អារីហ្សូន គ្រុប (Arison Group) និងស្ថាប័នអប់រំ អេជី (AG Education) បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ «សាលាអន្តរជាតិ ហ្គ្រែនម៉ោន» (Grand Mount International School) ទីតាំងផ្លូវ៣៧១ ជាផ្លូវការហើយ នៅលើទីតាំងមជ្ឈមណ្ឌលមង្គលឧត្តម ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមបរិយាកាសរីករាយ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Arison Group ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិកនៃស្ថាប័នអប់រំ អេជី បានឱ្យដឹងថា គម្រោងសាងសង់សាខាថ្មីនេះ ត្រូវចំណាយពេលប្រមាណ ៣៣ខែ លើផ្ទៃដីសរុប ១.៧៤០ ម៉ែត្រការ៉េ (ទំហំដីជាក់ស្តែង ១.១៥២ ម៉ែត្រការ៉េ)។ គម្រោងនេះរួមមាន អាគារសិក្សាកម្ពស់ ៥ ជាន់ (ទំហំ ៧០ម x ៤៥ម) និងអាគារការិយាល័យរដ្ឋបាលមួយទៀត ដើម្បីបម្រើឱ្យការសិក្សា Methodological គ្រប់កម្រិត ចាប់ពីកម្រិតមតេយ្យសិក្សា បឋមសិក្សា (ថ្នាក់ទី១-៦) អនុវិទ្យាល័យ (ថ្នាក់ទី៧-៩) រហូតដល់វិទ្យាល័យ (ថ្នាក់ទី១០-១២)។ តាមការរំពឹងទុក សាលាអន្តរជាតិ ហ្គ្រែនម៉ោន ទីតាំងផ្លូវ៣៧១ នេះ អាចទទួលសិស្សបានប្រមាណ ១.០០០នាក់ នៅក្នុងឆ្នាំសិក្សាដំបូង ហើយព្យាករណ៍ថា​ នឹងមានកំណើនសិស្សកើនឡើងជាបន្តបន្ទាប់ប្រមាណ ៣៣% ក្នុងមួយឆ្នាំៗ។

ឧកញ៉ាវេជ្ជបណ្ឌិតបានបន្តថា មូលហេតុនៃការជ្រើសរើសទីតាំងភូមិសាស្ត្រ គឺបន្ទាប់ពីបានសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីសក្តានុពលទីផ្សារ និងភូមិសាស្ត្រ។ តំបន់នេះកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារនៅជិតព្រលានយន្តហោះអន្តរជាតិតេជោ (ក្រុងតាខ្មៅ) ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ព្រមទាំងហ៊ុមព័ទ្ធដោយផ្សារទំនើបជប៉ុន អ៊ីអន ម៉ល៣ (Aeon Mall 3) និងបុរីលំនៅដ្ឋានជាច្រើនទៀត។

ស្ថាប័នអប់រំមួយនេះ មានដើមកំណើតតាំងពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយចាប់ផ្តើមដំបូងជា «មជ្ឈមណ្ឌលក្រុងញូវយ៉ក» នៅជិតវិទ្យាល័យបាក់ទូក។ បន្ទាប់មកត្រូវបានផ្លាស់ប្តូរឈ្មោះជា «សាលាអន្តរជាតិ ញូវយ៉ក» នៅក្នុងឆ្នាំ២០០៤ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លុះក្រោយមក ដើម្បីឆ្លើយតបទៅនឹងការបត់បែននៃពាណិជ្ជកម្មកម្ពុជា ស្ថាប័នបានចុះបញ្ជីផ្លាស់ប្តូរឈ្មោះមកជា «សាលារៀន អារីហ្សូន» (Arison School) និងបានបង្កើតសាលារួមសម្ព័ន្ធបន្ថែមគឺ «សាលាអន្តរជាតិ ហ្គ្រែនម៉ោន» នេះឡើង។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានថ្លែងរំលេចថា ក្រោយពីទីតាំងនេះលេចចេញជារូបរាងឡើង សាលានឹងមានកម្មវិធីអាហារូបករណ៍ និងចក្ខុវិស័យ ១៥ ឆ្នាំ ដើម្បីអបអរសាទរ និងថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ បន្ទាប់ពីបញ្ចប់ការសាងសង់រយៈពេល ៣៣ខែ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ សាលានឹងផ្ដល់ជូន អាហារូបករណ៍ ៥០% សម្រាប់សិស្ស ៩៩ នាក់ដំបូង ដែលមកចុះឈ្មោះសិក្សា។

បន្ថែមពីនេះស្ថាប័នអប់រំ អេជី បានដាក់ចេញនូវចក្ខុវិស័យ ១៥ឆ្នាំ (២០២៥ - ២០៤០) ចែកជា ៣ ដំណាក់កាល៖
ដំណាក់កាលទី១ (២០២៥ - ២០៣០)៖ ពង្រីកសាខាសាលាអន្តរជាតិ ហ្គ្រែនម៉ោន ឱ្យបានគ្រប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ។
ដំណាក់កាលទី២ (២០៣០ - ២០៣៥)៖ សហការជាមួយដៃគូមកពីប្រទេសស្វីស (Basel University និងក្រុមហ៊ុន LMVH) ដើម្បីបើកដំណើរការសាកលវិទ្យាល័យស្តង់ដារអឺរ៉ុប/អន្តរជាតិនៅកម្ពុជា។
ដំណាក់កាលទី៣ (២០៣៥ - ២០៤០)៖ ពង្រីកបណ្តាញ «សាលារៀន អារីហ្សូន» ឱ្យគ្របដណ្តប់គ្រប់ខេត្តគោលដៅទូទាំងប្រទេស (បច្ចុប្បន្នមាន ៨ ទីតាំង ដោយ ៦ នៅភ្នំពេញ, ១ នៅសៀមរាប និង ១ នៅកំពង់ធំ)។

តាមការរំពឹងទុក សាលាថ្មីនេះនឹងអាចទទួលសិស្សានុសិស្សបានប្រមាណ ១,០០០ នាក់សម្រាប់ឆ្នាំសិក្សាដំបូង ដោយផ្តល់ការអប់រំចាប់ពីមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ រហូតដល់វិទ្យាល័យ ស្របតាមស្តង់ដារអន្តរជាតិ និងកម្មវិធីសិក្សាជាតិ។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានថ្លែងបន្ថែមថា ការបង្កើតសាលាថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ផ្នែកអប់រំរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងតំបន់ខណ្ឌមានជ័យ និងតំបន់ជុំវិញ ដែលជាតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ស្ថាប័នអប់រំ «អេជី» ក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តពង្រីក ទីតាំងសាលាអន្តរជាតិហ្គ្រែនម៉ោនទៅកាន់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ និងសហការជាមួយដៃគូអន្តរជាតិ ដើម្បីបើកសាកលវិទ្យាល័យស្តង់ដារអន្តរជាតិនៅកម្ពុជា។ លើសពីនេះ ស្ថាប័នក៏មានគម្រោងពង្រីកសាលាអារីហ្សូនទៅដល់បណ្តាខេត្ត គោលដៅនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។

ស្ថាប័នអប់រំ «អេជី» ប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ តាមរយៈការបំពាក់សម្ភារៈបរិក្ខារទំនើបៗ និងបុគ្គលិកអប់រំដែលមានសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញសម្រាប់ប្រទេសជាតិ។ ក្នុងឱកាសបើកដំណើរការជាផ្លូវការ សាលានឹងផ្តល់អាហារូបករណ៍ចំនួន ៥០ភាគរយ សម្រាប់សិស្ស ៩៩ នាក់ដំបូង ដែលចុះឈ្មោះចូលរៀន៕