Apple ត្រៀមវិលត្រឡប់ចូលទីផ្សារ «ម៉ាស៊ីនមេ AI» វិញ ដោយចាប់ដៃគូជាមួយក្រុមហ៊ុនយក្ស Nvidia
17-09-2026 14:19
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការវិលត្រឡប់ចូលមកកាន់ទីផ្សារម៉ាស៊ីនមេ (Server) សម្រាប់សហគ្រាសវិញ ដោយគ្រោងនឹងបញ្ចូលបន្ទះឈីប M8 Ultra ផ្ទាល់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាបណ្តាញរបស់ក្រុមហ៊ុន Nvidia។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Information និងចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
គំនិតផ្តួចផ្តើមនេះ ដែលបានចាប់ផ្តើមប្រហែលមួយឆ្នាំមុនក្រោមការគាំទ្រពីលោក John Ternus (អតីតប្រធានផ្នែក Hardware និងបច្ចុប្បន្នជា CEO របស់ Apple) ត្រូវបានគេរំពឹងថានឹងដាក់លក់នៅលើទីផ្សារនៅឆ្នាំ ២០២៩ ខាងមុខនេះ។ គម្រោងនេះបង្ហាញពីមហិច្ឆតារបស់ Apple ក្នុងការវាយលុកទីផ្សារហេដ្ឋារចនាសម្ព័ន្ធ AI និងពង្រីកការប្រើប្រាស់បន្ទះឈីបស៊ីលីកុនផ្ទាល់ខ្លួនឱ្យលើសពីឧបករណ៍ប្រើប្រាស់ទូទៅ ដោយកំណត់គោលដៅលើទីផ្សារដំណើរការ AI (Inference market)។ ដើម្បីសម្រេចការងារនេះ ក្រុមការងារ Apple កំពុងពិចារណាប្រើប្រាស់បច្ចេកវិទ្យា NVLink Fusion របស់ Nvidia ដើម្បីជួយឱ្យបន្ទះឈីប M8 អាចតភ្ជាប់ទៅនឹងប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យដ៏ធំរបស់ Nvidia បានយ៉ាងរលូន។
ទោះជាយ៉ាងណា គម្រោងនេះនៅអាចប្រែប្រួល ឬត្រូវបោះបង់ចោលវិញបានផងដែរ។ ប្រសិនបើវាចេញជាផ្លូវការ វានឹងក្លាយជាការបញ្ចេញលក់ផ្នែក hardware ម៉ាស៊ីនមេដំបូងគេរបស់ Apple ចាប់តាំងពីពួកគេបានបញ្ឈប់ខ្សែសង្វាក់ Xserve ក្នុងឆ្នាំ ២០១១។ លើសពីនេះ វាក៏ជាសញ្ញាបង្ហាញពីការត្រូវរ៉ូវគ្នាឡើងវិញយ៉ាងសំខាន់រវាង Apple និង Nvidia បន្ទាប់ពីក្រុមហ៊ុនទាំងពីរមានទំនាក់ទំនងដ៏តានតឹង និងបានកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្នាជិតពីរទស្សវត្សរ៍មកហើយ៕










