ក្រុមហ៊ុន Huawei ព្យាករណ៍ថា «ភ្នាក់ងារ AI ស្វយ័ត» នឹងគ្របដណ្តប់ពិភពលោកត្រឹមឆ្នាំ ២០៣៥ ខណៈចិនពន្លឿនបច្ចេកវិទ្យានេះ
18-09-2026 08:31
(បរទេស)៖ នៅក្នុងរបាយការណ៍ថ្មីមួយដែលមានចំណងជើងថា «ពិភពលោកឆ្លាតវៃឆ្នាំ ២០៣៥» ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានព្យាករណ៍ថា ភ្នាក់ងារ AI ស្វយ័ត (Autonomous agents) នឹងមានចំនួនជាង ៩០% នៃចរាចរណ៍ AI សកល ឬ (Token AI) និងអាចមានចំនួនរហូតដល់ ៩០០ ពាន់លាន ដែលលើសពីចំនួនប្រជាជនមនុស្សប្រហែល ១០០ ដង ត្រឹមឆ្នាំ ២០៣៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
របាយការណ៍នេះបានបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងរវាងយុទ្ធសាស្ត្ររបស់ចិន និងសហរដ្ឋអាមេរិក។ ផ្ទុយពីអ្នកស្រាវជ្រាវ និងនាយកប្រតិបត្តិ AI ជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ដែលកំពុងអំពាវនាវឱ្យបន្ថយល្បឿនអភិវឌ្ឍន៍ ក្រោយមានហេតុការណ៍ភ្នាក់ងារ AI ដើរហួសការគ្រប់គ្រង (Rogue agents) និងការបារម្ភថាប្រព័ន្ធស្វយ័តអាចនឹងពិបាកគ្រប់គ្រងដោយមនុស្សនោះ ក្រុមហ៊ុន Huawei មើលឃើញថាការរីកចម្រើននេះគឺជាឱកាសមាស ដោយជ្រើសរើសការពន្លឿនការប្រើប្រាស់ AI ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើតប្រព័ន្ធការពារសុវត្ថិភាពស្របពេលជាមួយគ្នាផងដែរ។
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ការជំរុញ AI ឱ្យឈានចូលដល់ពិភពរូបី (Physical world) គឺជាគន្លឹះសំខាន់ក្នុងការសម្រេចបាននូវបញ្ញាសិប្បនិម្មិតទូទៅ (AGI) ដែលមានសមត្ថភាពបំពេញការងារស្មើ ឬហួសពីមនុស្ស។ ដើម្បីធានាសុវត្ថិភាព ក្រុមហ៊ុនមិនត្រឹមតែដាក់ពង្រាយភ្នាក់ងារស្វយ័តប៉ុណ្ណោះទេ ប៉ុន្តែបានដាក់ដំណើរការវេទិកាប្រតិបត្តិការសុវត្ថិភាពស្វយ័តកាលពីខែមេសាកន្លងទៅ និងបានស្នើបង្កើតប្រព័ន្ធការពារភ្លើង AI (AI firewalls) ដើម្បីទប់ស្កាត់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
ទាក់ទងនឹងមហិច្ឆតានេះ លោក Guo Ping ប្រធានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Huawei បានប្រាប់បុគ្គលិកថា ក្រុមហ៊ុនមើលឃើញ AI ថាជា «ឱកាសធំបំផុត» របស់ខ្លួន និងចង់ឱ្យហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនក្លាយជាកម្លាំងចលករស្មើនឹងក្រុមហ៊ុនយក្សអាមេរិក Nvidia ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ប្រទេសចិន៕










