* EU ត្រៀមរឹតបន្តឹងខ្លាំង! ស្នើហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
* ក្រុមហ៊ុន Huawei ព្យាករណ៍ថា «ភ្នាក់ងារ AI ស្វយ័ត» នឹងគ្របដណ្តប់ពិភពលោកត្រឹមឆ្នាំ ២០៣៥ ខណៈចិនពន្លឿនបច្ចេកវិទ្យានេះ
* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ

គ្រូព្រះខ័នរាជ មោទនភាពនឹងរបៀលេងកូនក្រុម តែមិនសប្បាយចិត្តនូវកំហុសបច្ចេកទេសជាច្រើននាំឲ្យរបូត ២គ្រាប់ទល់ Machida

18-09-2026 12:24

(ភ្នំពេញ)៖ លោក Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញអារម្មណ៍លាយលំគ្នា ដោយម្ខាងមានមោទនភាព ចំពោះរបៀបលេង និងការព្យាយាមអនុវត្តរបស់កូនក្រុម តែម្ខាងមិនសប្បាយចិត្តនឹងកំហុសបច្ចេកទេសជាច្រើន នាំឲ្យក្រុមរបូត ២គ្រាប់ ដែលមិនគួរកើតឡើង។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបបើកឆាកវគ្គចែកពូល នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two-ACL2) ឆ្នាំ២០២៦/២៧ ទល់ក្រុមម្ចាស់ផ្ទះ FC Machida Zelvia របស់ជប៉ុន ដោយរងបរាជ័យក្នុងលទ្ធផល ២-០ កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ។

ក្រោយចប់ការប្រកួតលោក McConkey បានទទួលស្គាល់ ហើយក៏បានដឹងតាំងពីមុនការប្រកួតពីភាពខ្លាំងរបស់ Machida Zelvia ហើយជាក់ស្ដែងវាពិតជាការប្រកួតដ៏លំបាកមួយ គ្រាន់តែលោកហាក់មិនអស់ចិត្តនឹងការរបូត ២គ្រាប់ ដែលជាគ្រាប់បាល់មិនគួរកើតឡើង។ យ៉ាងណាលោកបានចាត់ទុកនេះ គឺជាមេរៀន ដើម្បីកែលម្អ និងត្រៀមការប្រកួតបន្ដ។

លោកថា «យើងមានមោទនភាព ចំពោះរបៀបលេង ដែលយើងបានព្យាយាមអនុវត្ត ប៉ុន្ដែយើងមិនសប្បាយចិត្តទេ ដោយសារយើងបានធ្វើកំហុសផ្នែកបច្ចេកទេសច្រើនពេក។ ចំពោះគ្រាប់បាល់ទាំងពីរនោះ មែនហើយយើងអាចនឹងការពារមិនឲ្យកើតឡើងបាន។ យ៉ាងណាក៏ដោយ យើងនឹងយកការប្រកួតនេះជាមកធ្វើជាមេរៀន សម្រាប់កែលម្អ និងត្រៀមជំហានបន្ដទៅមុខទៀត។ មែនយើង យើងត្រូវបន្ដទៅមុខ ដោយសារការប្រកួតនៅច្រើនទៀត»។

ក្រោយជំនួបបើកឆាកពូល G បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ឈរបាតតារាង ជាមួយក្រុម Tampines Rovers របស់សិង្ហបុរី ដែលរងបរាជ័យក្នុងការប្រកួតដំបូងដូចគ្នា គ្រាដែល FC Machida Zelvia ឈរកំពូលតារាង មាន ៣ពិន្ទុ ស្មើគ្នាជាមួយក្រុម Shanghai Shenhua របស់ចិន ដែលបានយកឈ្នះ Tampines Rovers ២-១ កាលពីយប់មិញ។ យ៉ាងណាក្រុមនីមួយៗ នៅសល់ ៥ប្រកួតទៀត ដែលត្រូវប្រកួតវិលជុំ ២ជើង ដើម្បីកំណត់ក្រុមលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្គបន្ដ៕