OpenAI បញ្ចេញ AI សម្រាប់វិស័យច្បាប់ បង្កើនការប្រកួតប្រជែងក្នុងទីផ្សារមេធាវី
18-09-2026 14:13
(បរទេស)៖ ក្រុមហ៊ុន OpenAI បានដាក់ឱ្យប្រើប្រាស់ Astra for Law ដែលជាកំណែ GPT-6 Astra ដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់ការងារផ្នែកច្បាប់។ OpenAI និយាយថា ឧបករណ៍នេះអាចជួយក្រុមហ៊ុនមេធាវីក្នុងការស្រាវជ្រាវបញ្ហាច្បាប់ រៀបចំសេចក្តីណែនាំ និងបង្កើតកម្មវិធីសម្រាប់ការងារផ្នែកច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
Astra for Law រួមបញ្ចូលម៉ូដែល AI ជាមួយ Legal Search Index ដែលអាចស្វែងរកច្បាប់ និងឯកសារច្បាប់របស់សហរដ្ឋអាមេរិក រួមមានសេចក្តីសម្រេចតុលាការ ច្បាប់ បទប្បញ្ញត្តិ បទបញ្ជាតុលាការ និងសេចក្តីសម្រេចរដ្ឋបាល។ OpenAI បញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ ហើយអ្នកប្រើប្រាស់គួរពិនិត្យចម្លើយ និងប្រភពដែល AI ផ្តល់ឱ្យ មុនពេលយកទៅប្រើប្រាស់ក្នុងការងារផ្លូវការ។
ការបញ្ចេញផលិតផលនេះកើតឡើង ខណៈក្រុមហ៊ុន AI ធំៗកំពុងពង្រីកសេវារបស់ខ្លួនទៅកាន់វិស័យច្បាប់។ Google បានពង្រីក Gemini Enterprise សម្រាប់អ្នកជំនាញផ្នែកច្បាប់ ខណៈ Anthropic ក៏បានបញ្ចេញឧបករណ៍សម្រាប់មេធាវីតាមរយៈ Claude។ ទន្ទឹមនឹងនេះ អ្នកផ្តល់សេវា AI ផ្នែកច្បាប់ដូចជា Harvey និង Legora នឹងអាចបង្កើតផលិតផលនៅលើ Astra for Law ហើយវេទិកានេះនឹងភ្ជាប់ជាមួយកម្មវិធីរបស់ Relativity, Clio, Intapp និង Thomson Reuters។
គួរជម្រាបថា OpenAI នឹងផ្តល់សិទ្ធិប្រើប្រាស់ Astra for Law ដល់ក្រុមហ៊ុនមេធាវីដែលត្រូវបានជ្រើសរើសនៅសហរដ្ឋអាមេរិក តាមកម្មវិធីពិសេសដែលមានការការពារព័ត៌មានសម្ងាត់របស់អតិថិជន។ ក្រុមហ៊ុនបានធ្វើការសាកល្បង និងអភិវឌ្ឍកម្មវិធីជាមួយក្រុមហ៊ុនមេធាវីដូចជា Sullivan & Cromwell, Ropes & Gray, Cooley, Latham & Watkins និង Wachtell Lipton ខណៈ OpenAI ក៏បានបញ្ជាក់ថា Astra for Law នឹងមកដល់ API នាពេលខាងមុខ៕










