សម្រង់សម្តីថ្នាក់ដឹកនាំ OpenAI និង Microsoft អាចប៉ះពាល់ដល់សំណុំរឿងសិទ្ធិអ្នកនិពន្ធ
19-09-2026 08:41
(បរទេស)៖ សម្រង់សម្តីរបស់ថ្នាក់ដឹកនាំ OpenAI និង Microsoft ដែលត្រូវបានបង្ហាញនៅក្នុងឯកសារតុលាការនៅថ្ងៃទី១៧ ខែកញ្ញា កំពុងក្លាយជាចំណុចសំខាន់ក្នុងសំណុំរឿងសិទ្ធិអ្នកនិពន្ធរវាងក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរ និងស្ថាប័នព័ត៌មានមួយចំនួន។ The New York Times និងស្ថាប័នព័ត៌មានផ្សេងទៀតអះអាងថា សម្តីទាំងនេះអាចប៉ះពាល់ដល់ការការពារផ្នែកច្បាប់របស់ OpenAI និង Microsoft ដែលអះអាងថា ការប្រើប្រាស់អត្ថបទព័ត៌មានរាប់លានសម្រាប់បណ្តុះបណ្តាល AI គឺស្ថិតក្រោមគោលការណ៍ «fair use»។ នេះបើយោងតាមាការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឯកសារដែលទើបត្រូវបានបង្ហាញជាសាធារណៈ លោក Nick Turley ប្រធាន ChatGPT របស់ OpenAI ត្រូវបានដកស្រង់ថា ផលិតផលរបស់ក្រុមហ៊ុនបង្កើត «ការគំរាមកំហែងដល់ការរស់រានមានជីវិត» របស់អ្នកបោះពុម្ពផ្សាយ ហើយផលិតផលទាំងនេះ «ភាគច្រើនអាចជំនួស» សារព័ត៌មាន និងនឹងកាន់តែអាចជំនួសបាននៅពេល AI មានសមត្ថភាពកាន់តែប្រសើរ។ មេធាវីលោក Steven Lieberman ដែលតំណាងឱ្យកាសែតមួយចំនួន បាននិយាយថា ភស្តុតាងថ្មីនេះបង្ហាញថា OpenAI និង Microsoft «បានដឹងថាអ្វីដែលពួកគេកំពុងធ្វើគឺខុស»។
ចំណែកនាយកប្រតិបត្តិ (CEO) Microsoft លោក Satya Nadella បានយល់ព្រមក្នុងសក្ខីកម្មក្រោមសម្បថថា ការសន្ទនាជាមួយ chatbot បានជំនួសការចូលទៅកាន់ប្រភពព័ត៌មានដើម ដោយអ្នកប្រើប្រាស់អាចទទួលបានព័ត៌មានដោយផ្ទាល់នៅលើវេទិកា AI។ ទោះជាយ៉ាងណា Microsoft បានបញ្ជាក់ថា សម្តីរបស់លោក Nadella មិនបានប៉ះពាល់ដល់ការការពាររបស់ក្រុមហ៊ុនក្នុងសំណុំរឿងនេះទេ ហើយគ្រាន់តែពិពណ៌នាអំពីការផ្លាស់ប្តូររបៀបដែលមនុស្សស្វែងរក និងប្រើប្រាស់ព័ត៌មាន។
គូសបញ្ជាក់ថា សំណុំរឿងនេះត្រូវបានប្តឹងតាំងពីឆ្នាំ២០២៣ ដោយចោទ OpenAI និង Microsoft ថា បានប្រើអត្ថបទព័ត៌មានរាប់លានដោយគ្មានការអនុញ្ញាត ដើម្បីបណ្តុះបណ្តាល ChatGPT។ សំណុំរឿងនេះស្ថិតក្នុងចំណោមបណ្តឹងជាច្រើននៅអាមេរិក ដែលកំពុងសាកល្បងថា តើការប្រើប្រាស់ស្នាដៃដែលមានសិទ្ធិអ្នកនិពន្ធសម្រាប់បណ្តុះបណ្តាល AI ដើម្បីបង្កើតមាតិកាថ្មី អាចចាត់ទុកថាជា «fair use» តាមច្បាប់ដែរឬទេ៕










