* យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម
* ភ្ញាក់ផ្អើល! AI Gemini របស់ Google សម្រុកទម្លុះប្រព័ន្ធសុវត្ថិភាពក្រុមហ៊ុនចំនួន ៣ ដោយខ្លួនឯង

ក្រុមហ៊ុន Waymo របស់ Alphabet គ្រោងនឹងដាក់ដំណើរការសេវាកម្មរថយន្តតាក់ស៊ីស្វ័យប្រវត្តិនៅប្រទេសសិង្ហបុរីត្រឹមឆ្នាំ ២០២៨

19-09-2026 10:21

(សិង្ហបុរី)៖ ក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Waymo ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet បានប្រកាសនៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ខ្លួននឹងដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មរថយន្តដឹកអ្នកដំណើរគ្មានមនុស្សបើក (Autonomous Ride-hailing) នៅប្រទេសសិង្ហបុរីត្រឹមឆ្នាំ២០២៨ ដែលព្រឹត្តិការណ៍នេះ គឺជាការបោះជំហានចូលទីផ្សារតំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូងរបស់ខ្លួន។

យោងតាមសេចក្តីប្រកាស បានឱ្យដឹងថា Waymo កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងគមនាគមន៍ (MOT) និងអាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) របស់ប្រទេសសិង្ហបុរី ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការដាក់បញ្ចូលសេវាកម្មរថយន្តអគ្គិសនីពាណិជ្ជកម្ម ដែលអតិថិជនអាចធ្វើការកក់សេវាកម្មបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី Waymo App។ ក្រុមហ៊ុន Waymo បានបញ្ជាក់ថា រថយន្តស្វ័យប្រវត្តដំបូងគេ រំពឹងថានឹងដឹកជញ្ជូនមកដល់ប្រទេសសិង្ហបុរីក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ ដោយនឹងត្រូវប្រើប្រាស់កងរថយន្តអគ្គិសនីសុទ្ធម៉ាក Jaguar I-PACE សម្រាប់ការចាប់ផ្តើមប្រតិបត្តិការក្នុងស្រុក។

ក្នុងអំឡុងពេល «ដំណាក់កាលត្រៀមរៀបចំ» នៅឆ្នាំក្រោយ អ្នកឯកទេសខាងស្វ័យប្រវត្តិនឹងធ្វើការគ្រប់គ្រងនិងបើកបររថយន្តទាំងនោះដោយដៃជាមុនសិន ដើម្បីសម្របខ្លួនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ Waymo (ដែលហៅថា Waymo Driver) ឱ្យស៊ីសង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្តែងនៃដងផ្លូវ រចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាលក្ខខណ្ឌអាកាសធាតុរដូវមូសុងនៅក្នុងប្រទេសសិង្ហបុរី។

គួរជម្រាបថា ប្រសិនបើទទួលបានការអនុម័តផ្លូវច្បាប់ពីសំណាក់និយតករពាក់ព័ន្ធ ក្រុមហ៊ុន Waymo មានផែនការចាប់ផ្តើមបើកសេវាកម្មជិះរថយន្តស្វ័យប្រវត្តិពេញលេញជូនដល់សាធារណជនទូទៅតាមរយៈប្រព័ន្ធទូរស័ព្ទដៃនៅឆ្នាំ២០២៨ ខាងមុខនេះតែម្តង៕