* បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម
* ភ្ញាក់ផ្អើល! AI Gemini របស់ Google សម្រុកទម្លុះប្រព័ន្ធសុវត្ថិភាពក្រុមហ៊ុនចំនួន ៣ ដោយខ្លួនឯង
* ចំណេះដឹងទូទៅ៖ ទន្លេធំៗ ៤ខ្សែ ដែលហូរស្របគ្នា
* EU ត្រៀមរឹតបន្តឹងខ្លាំង! ស្នើហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស

ផលិតកម្ម «Wonder Film Entertainment» នាំយកភាពយន្តខ្មែរខ្នាតធំ ២រឿង ដាក់ក្នុង «American Film Market 2026»

19-09-2026 11:37

(ភ្នំពេញ)៖ ផលិតកម្ម «Wonder Film Entertainment» បានប្រកាសពីការនាំយកភាពយន្តខ្នាតធំរបស់កម្ពុជាចំនួន២រឿង មានចំណងជើងថា «សូម៉ា» និង «កំណើតអរូប» ដាក់បញ្ចូលក្នុង American Film Market 2026 (AFM 2026) ដែលជាវេទិកាពាណិជ្ជកម្ម និងទីផ្សារភាពយន្តអន្តរជាតិដ៏សំខាន់មួយ សម្រាប់ការជួបជុំរវាងអ្នកផលិត អ្នកចែកចាយ អ្នកលក់សិទ្ធិ និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តពីប្រទេសជាច្រើន។
ការចូលរួមក្នុង American Film Market 2026 (AFM 2026) និងការបើកឱកាសសម្រាប់ភាពយន្តខ្មែរចូលរួមក្នុង AFM ក៏មិនមែនមានន័យត្រឹមតែការនាំភាពយន្ត ទៅបង្ហាញនៅក្រៅប្រទេសនោះទេ ប៉ុន្តែជាឱកាសសម្រាប់ស្នាដៃភាពយន្តខ្មែរ ក្នុងការចូលទៅកាន់បណ្តាញអាជីវកម្ម និងទីផ្សារភាពយន្តអន្តរជាតិ ស្វែងយល់ពីតម្រូវការទីផ្សារ និងបង្កើតទំនាក់ទំនងជាមួយដៃគូអន្តរជាតិ។

លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានថ្លែងឲ្យដឹងថា ការនាំយកភាពយន្តខ្នាតធំរបស់កម្ពុជាចំនួន ២រឿង មានចំណងជើងថា «សូម៉ា» និង «កំណើតអរូប» ដាក់បញ្ចូលក្នុង American Film Market 2026 (AFM 2026) គឺក្នុងគោលបំណង៖

* ការផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណខ្មែរ៖ បង្ហាញស្នាដៃ និងសមត្ថភាពរបស់អ្នកផលិតភាពយន្តខ្មែរ ទៅកាន់ទស្សនិកជន និងអ្នកជំនាញអន្តរជាតិ។
* ការបង្កើតបណ្តាញអន្តរជាតិ៖ ស្វែងរកឱកាសជួប និងពិភាក្សាជាមួយអ្នកផលិត អ្នកចែកចាយ អ្នកលក់សិទ្ធិ និងដៃគូអាជីវកម្មក្នុងឧស្សាហកម្មភាពយន្ត។
* ការស្វែងរកទីផ្សារ និងឱកាសចែកចាយ៖ សិក្សាពីទីផ្សារអន្តរជាតិ និងស្វែងរកលទ្ធភាពនាំយកភាពយន្តខ្មែរ ទៅកាន់ទស្សនិកជននៅក្រៅប្រទេស។
* ការបើកផ្លូវសម្រាប់ស្នាដៃខ្មែរ៖ ចាត់ទុកការចូលរួមនេះជាបទពិសោធន៍ និងជាជំហានមួយដែលអាចជួយបង្កើតឱកាសបន្ថែម សម្រាប់អ្នកផលិតភាពយន្តខ្មែរនាពេលអនាគត។

លោកបន្តថា ភាពយន្ត «សូម៉ា» ជាស្នាដៃប្រភេទ Sci-Fi, Drama និង Action ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការសាកល្បងនូវទម្រង់ និងបច្ចេកទេសថ្មីៗ ដើម្បីបន្តអភិវឌ្ឍគុណភាពភាពយន្ត ខ្មែរឱ្យកាន់តែមានភាពចម្រុះ និងសមស្របសម្រាប់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ តាមរយៈឱកាសនេះ ក្រុមការងារមានបំណងបង្កើនការយល់ដឹង អំពីសក្តានុពលនៃភាពយន្តខ្មែរ និងស្វែងរកលទ្ធភាពសម្រាប់កិច្ចសហការនាពេលអនាគត។ ជាមួយគ្នានេះ ក៏អាចជាជំហានមួយក្នុងការបើកទ្វារ ឱ្យស្នាដៃពីកម្ពុជាអាចមានវត្តមាន និងទទួលបានការចាប់អារម្មណ៍ កាន់តែទូលំទូលាយនៅក្នុងទីផ្សារអន្តរជាតិ។

ផលិតកម្ម Wonder Film ក៏បាននាំយកខ្សែភាពយន្តខ្មែរទៅកាន់ Platform អន្តរជាតិដូចជា Tubi និង Prime Video ដែលជាផ្នែកមួយនៃដំណើររបស់ផលិតកម្ម ក្នុងការនាំស្នាដៃខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ។ ទោះជាយ៉ាងណា យើងមិនទាន់ចាត់ទុកថា នេះជាចំណុចដែលយើងសម្រេចបានគ្រប់គ្រាន់នោះទេ។ យើងនឹងបន្តខិតខំប្រឹងប្រែង និងសិក្សាបន្ថែម ដើម្បីឱ្យខ្សែភាពយន្តខ្មែរទទួលបាន ការទទួលស្គាល់កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ ជាពិសេស ផលិតកម្មយើងនឹងស្វាគមន៍ ចំពោះបងប្អូនដែលមានស្នាដៃផ្នែក Graphic Design និង CGI និងមានសមត្ថភាពអាចធ្វើការក្នុងកម្រិតល្អ ដើម្បីចូលរួមជាមួយ Projects របស់ផលិតកម្មយើងនៅឆ្នាំ២០២៧។

លោក សែម វិសាល បានបញ្ជាក់បន្ថែមថា ខ្សែភាពយន្ត «សូម៉ា» ត្រូវបាន Review ដោយក្រុមបច្ចេកទេស AFM (American Film Market) និងត្រូវបានស្នើធ្វើ World Premiere នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាឆ្នាំនេះ។ នេះជាលទ្ធផលមួយនៃការខិតខំប្រឹងប្រែង និងការវិនិយោគរបស់ផលិតកម្ម ដើម្បីនាំយកស្នាដៃភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនាមជាអ្នកផលិត យើងព្យាយាមសិក្សាពីអ្វីដែលពិភពលោកកំពុងអភិវឌ្ឍ។ វាជាតួនាទីរបស់អ្នកផលិត ដែលត្រូវស្វែងយល់ពីការវិវត្តន៍នៃបច្ចេកវិទ្យា និងស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីបង្កើនគុណភាពនៃការផលិតភាពយន្តខ្មែរ។

នៅក្នុងខ្សែភាពយន្ត «សូម៉ា» ប្រើប្រាស់ VFX/CGI ប្រមាណ ៩៨% ខណៈការប្រើប្រាស់ AI មានកម្រិតមិនដល់ ២% និងសាកល្បងតែចំពោះប្លង់មួយចំនួនដែលមានកម្រិត CGI ពិបាកធ្វើ និងសមត្ថភាពក្នុងស្រុក និងប្រទេសជិតខាងនៅមានកម្រិត។ ការប្រើប្រាស់នេះធ្វើឡើងតាមរយៈ AI VFX Studio ពីបរទេស ដើម្បីជាការបំពេញបន្ថែមលើការងារ VFX និងធ្វើឱ្យប្លង់សមស្របទៅតាមសាច់រឿង។

វាគ្រាន់តែជាបរិបទថ្មីមួយក្នុងការវិវត្តន៍ នៃបច្ចេកវិទ្យាផលិតភាពយន្ត ដែលបច្ចុប្បន្នផលិតកម្មជាច្រើនជុំវិញពិភពលោកកំពុងសិក្សា និងសាកល្បង។ AI មិនមែនជាបច្ចេកវិទ្យាដែលប្រើដើម្បីផលិតខ្សែភាពយន្ត «សូម៉ា» ទាំងមូលនោះទេ ប៉ុន្តែជាឧបករណ៍ជំនួយក្នុងផ្នែកតូចមួយនៃការងារ VFX ប៉ុណ្ណោះ។ ផលិតកម្ម Wonder Film មិនដែលផលិតខ្សែភាពយន្តឈិនឆៃ ដើម្បីតែចង់លក់សំបុត្រនោះឡើយ។ ខ្សែភាពយន្ត «សូម៉ា» បានសាងសង់ស្ទូឌីយោថតអាគារ ៤ជាន់ ប្រើប្រាស់ឧបករណ៍ថតតាមស្តង់ដារ និងចំណាយពេលផលិតជិត ២ឆ្នាំ។

សន្និសីទនេះក៏មានគោលបំណងរៀបចំឡើង ដើម្បីប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទចាក់ផ្សាយខ្សែភាពយន្ត «សូម៉ា» (SOMA) ដែលនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបនានា ចាប់ពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះតទៅ៕