បារាំងបើកការស៊ើបអង្កេត ក្រោយវ៉ែនតាឆ្លាតវៃត្រូវបានប្រើថតស្ត្រីដោយគ្មានការយល់ព្រម
19-09-2026 14:10
(បរទេស)៖ ព្រះរាជអាជ្ញានៅទីក្រុងប៉ារីស ប្រទេសបារាំង បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើករណីសង្ស័យបៀតបៀនផ្លូវភេទ ដែលពាក់ព័ន្ធនឹងការប្រើវ៉ែនតាឆ្លាតវៃថតស្ត្រីតាមដងផ្លូវដោយគ្មានការយល់ព្រម ហើយយកវីដេអូទៅបង្ហោះតាមអ៊ីនធឺណិត។ អាជ្ញាធរបានឱ្យដឹងថា អង្គភាពប្រឆាំងបទល្មើសតាមអ៊ីនធឺណិត ក៏បានធ្វើតេស្តលើឧបករណ៍ទាំងនេះ ដើម្បីស្វែងយល់ពីបទល្មើសដែលអាចកើតឡើង។ ទោះជាយ៉ាងណា ព្រះរាជអាជ្ញាមិនបានបញ្ជាក់ថា វ៉ែនតាម៉ាកណាត្រូវបានប្រើក្នុងករណីនេះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
ការស៊ើបអង្កេតនេះកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញ ឯកជនភាព ការបៀតបៀនផ្លូវភេទ និងការថតដោយគ្មានការយល់ព្រម។ វ៉ែនតា AI របស់ Meta ដែលផលិតរួមជាមួយ EssilorLuxottica គឺជាផលិតផលនាំមុខទីផ្សារ ដោយមានចំណែកប្រហែល ៧៦% នៃទីផ្សារពិភពលោក និងលក់បានប្រមាណ ៧លានគ្រឿងកាលពីឆ្នាំមុន។ នៅបារាំង អាជ្ញាធរការពារទិន្នន័យ CNIL បានទទួលពាក្យបណ្តឹងតិចជាង ១០ករណី ពាក់ព័ន្ធនឹងការប្រើវ៉ែនតាឆ្លាតវៃនៅកន្លែងធ្វើការ ហើយក្រុមហ៊ុនកាន់តែច្រើនកំពុងសួរអាជ្ញាធរថា តើពួកគេអាចហាមឃាត់ការប្រើវ៉ែនតាប្រភេទនេះនៅកន្លែងធ្វើការបានឬទេ។
អ្នកជំនាញច្បាប់ Ines Legendre មកពីអង្គការ e-Enfance បាននិយាយថា ការឃើញភ្លើងសញ្ញានៅលើវ៉ែនតាបើកឡើង មិនមានន័យថាមនុស្សគ្រប់រូបបានយល់ព្រមឱ្យគេថត ឬយល់ព្រមឱ្យរូបភាពរបស់ខ្លួនត្រូវបានចែកចាយទៅមនុស្សរាប់ពាន់នាក់នោះទេ។ លោកស្រីបានលើកឡើងដូច្នេះ ដើម្បីបង្ហាញថា ភ្លើងសញ្ញាដែលបង្ហាញថាវ៉ែនតាកំពុងថត មិនអាចជំនួសការសុំការយល់ព្រមពីអ្នកដែលកំពុងត្រូវថតបានឡើយ។
ជាមួយគ្នានេះ លោកស្រី Ines Girard មកពីអង្គការ Hubertine Auclert បានអំពាវនាវឱ្យវិស័យបច្ចេកវិទ្យាធ្វើបន្ថែមទៀត ដើម្បីទប់ស្កាត់ការរំលោភបំពាន ដោយលោកស្រីបានលើកឡើងថា មិនគួរឆ្លើយតបចំពោះបច្ចេកវិទ្យាឃ្លាំមើល ដោយគ្រាន់តែប្រាប់អ្នកដែលកំពុងត្រូវឃ្លាំមើលឱ្យប្រុងប្រយ័ត្នជាងមុននោះទេ។ ចំណែក Meta បានបញ្ជាក់ថា ខ្លួនបានដាក់បញ្ចូលការការពារឯកជនភាពតាំងពីដំណាក់កាលដំបូងនៃការអភិវឌ្ឍវ៉ែនតា AI ហើយនឹងបន្តពង្រឹងវិធានការការពារ ខណៈវ៉ែនតារបស់ខ្លួនមានសមត្ថភាពកាន់តែច្រើន។
គួរជម្រាបថា ប្រទេសអូស្ត្រាលីក៏កំពុងពិចារណាហាមឃាត់ការប្រើវ៉ែនតាដែលមានកាមេរ៉ានៅកន្លែងធ្វើការរបស់រដ្ឋាភិបាល ដោយសារក្តីបារម្ភអំពីឯកជនភាព និងសន្តិសុខផងដែរ៕












