Apple បន្ថែមមុខងារថ្មីលើ iPhone 18 Pro Max ដើម្បីសុវត្ថិភាពពេលដឹកជញ្ជូន
21-09-2026 09:12
(បរទេស)៖ ក្រុមហ៊ុន Apple បានបន្ថែមមុខងារថ្មីមួយឈ្មោះ «Prepare to Ship» សម្រាប់ iPhone 18 Pro Max ដើម្បីកំណត់សមត្ថភាពថ្មឱ្យនៅក្រោម 20Wh នៅពេលត្រូវដឹកជញ្ជូន ឬផ្ញើទៅជួសជុល និងប្តូរឧបករណ៍។ Apple បញ្ជាក់ថា iPhone 18 Pro Max ប្រើប្រព័ន្ធកម្មវិធីបង្កប់ថ្ម ដែលកំណត់សមត្ថភាពថ្មឱ្យនៅក្រោមកម្រិតនេះ ចាប់ពីពេលផលិតរហូតដល់ទូរស័ព្ទត្រូវបានបើកដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
សម្រាប់ iPhone ដែលបានបើកដំណើរការរួច អ្នកប្រើប្រាស់អាចចូលទៅ Settings > General > Transfer or Reset iPhone > Prepare to Ship ដើម្បីចាប់ផ្តើមដំណើរការ។ មុខងារនេះនឹងបញ្ចេញថាមពលថ្មឱ្យនៅក្រោម 20Wh និងកំណត់កម្រិតសាក ដើម្បីរក្សាថាមពលថ្មឱ្យនៅក្រោមកម្រិតនេះអំឡុងពេលដឹកជញ្ជូន។ នៅពេលបញ្ចប់ ទូរស័ព្ទនឹងបង្ហាញស្ថានភាព «Ready to Ship»។ Apple ក៏ព្រមានថា ទូរស័ព្ទអាចក្តៅជាងធម្មតា ខណៈកំពុងបញ្ចេញថាមពលថ្ម។
អ្នកប្រើប្រាស់អាចលុបចោលការរៀបចំដឹកជញ្ជូនបានតាម Settings ដដែល ប៉ុន្តែក្នុងករណីខ្លះ អាចត្រូវរង់ចាំរហូតដល់ ១៤ថ្ងៃ មុនពេលអាចបិទមុខងារនេះបាន។ Apple បញ្ជាក់ថា ការកំណត់ថ្មក្រោម 20Wh នេះ មិនមានន័យថា iPhone 18 Pro Max មិនមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូន ឬការធ្វើដំណើរតាមយន្តហោះនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីឱ្យស្របតាមតម្រូវការសុវត្ថិភាពក្នុងការដឹកជញ្ជូន។
គួរជម្រាបថា មុខងារ Prepare to Ship នេះមិនចាំបាច់សម្រាប់ iPhone ម៉ូដែលផ្សេងទៀតឡើយ ព្រោះ Apple បញ្ជាក់ថា iPhone ម៉ូដែលផ្សេងៗមិនមានថ្មប្រភេទកោសិកាតែមួយ ដែលមានសមត្ថភាពលើសពី 20Wh នោះទេ។ ដូច្នេះ វាគឺជាមុខងារពិសេសដែលត្រូវបានបង្កើតឡើងសម្រាប់ iPhone 18 Pro Max ដើម្បីគ្រប់គ្រងកម្រិតថាមពលថ្មនៅពេលដឹកជញ្ជូន៕













