ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសបង្កើត «AI Force» និងរៀបចំបង្កើតទីប្រឹក្សា AI ថ្មី ដើម្បីពង្រឹងការប្រកួតប្រជែង
21-09-2026 10:12
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ថា លោកមានគម្រោងតែងតាំងទីប្រឹក្សា AI ថ្មីម្នាក់ ដែលគេស្គាល់ថាជា «AI Czar ឬ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ AI» និងបង្កើតកងកម្លាំង «AI Force» ដើម្បីជួយសម្រួល និងតាមដានការអភិវឌ្ឍវិស័យ AI នៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីយន្តការ ឬរបៀបអនុវត្តគំនិតផ្តួចផ្តើមទាំងពីរនេះនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
លោក ត្រាំ បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងមិនរារាំង ឬធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើននៃឧស្សាហកម្ម AI ឡើយ។ លោកបានសរសេរថា «យើងនឹងមិនធ្វើឱ្យរាំងស្ទះដល់ការលូតលាស់នៃឧស្សាហកម្មដ៏អស្ចារ្យនេះឡើយ។ ផ្ទុយទៅវិញ យើងនឹងថែរក្សា ជួយជ្រោមជ្រែង និងមើលថែទាំវានៅពេលវាលូតលាស់! ប៉ុន្តែយើងក៏នឹងស្វែងរកទង្វើមិនល្អផងដែរ ហើយយើងអាចធ្វើវាបានយ៉ាងងាយស្រួល ដោយប្រើប្រាស់ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីដែលមានស្រាប់»។
ការប្រកាសនេះធ្វើឡើងក្នុងពេលដែលសមាជិកសភាអាមេរិក កំពុងមានក្តីបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃ AI ចំពោះមនុស្សជាតិ និងទ្រព្យសម្បត្តិ។ កាលពីដើមខែនេះ លោក Jacob Coxon អតីតអ្នកស្រាវជ្រាវរបស់ Anthropic បានលើកឡើងថា «អ្នកកំពុងបង្កើត AI ជឿជាក់ដោយស្មោះថា បច្ចេកវិទ្យានេះអាចសម្លាប់មនុស្សយើងទាំងអស់គ្នានៅចុងទសវត្សរ៍នេះ»។ ប៉ុន្តែ លោក ត្រាំ តែងតែបដិសេធការព្រួយបារម្ភទាំងនេះ និងអះអាងថាបទប្បញ្ញត្តិបន្ថែមគឺមិនចាំបាច់នោះទេ។
ប្រសិនបើលោក ត្រាំ អនុវត្តតាមការសន្យានេះ វានឹងក្លាយជាការតែងតាំងទីប្រឹក្សា AI Czar លើកទីពីររបស់លោក បន្ទាប់ពីលោក David Sacks វិនិយោគិនទុនបណ្តាក់ទុន បានចុះចេញពីតំណែងនេះកាលពីរដូវផ្ការីក ដោយប្តូរទៅធ្វើជាទីប្រឹក្សាខាងក្រៅវិញ។ លោក Sacks ក៏បានគាំទ្រជំហររបស់លោក ត្រាំ ដោយអះអាងថា អ្នកអភិវឌ្ឍន៍ AI គួរតែមានការទទួលខុសត្រូវលើផលិតផលរបស់ខ្លួន ហើយមិនចាំបាច់មានច្បាប់សហព័ន្ធថ្មីនោះទេ។
ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងមុនពេលជំនួបគ្រោងទុកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ អាមេរិក និងចិន កំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវលើការដឹកនាំវិស័យ AI ដែលប្រទេសទាំងពីរមើលឃើញថាជាបេះដូងនៃកម្លាំងសេដ្ឋកិច្ច និងយោធា។ លោក ត្រាំ និងថ្នាក់ដឹកនាំបច្ចេកវិទ្យាបានវាយតម្លៃថា ការដាក់បទប្បញ្ញត្តិជ្រុលហួសហេតុ នឹងធ្វើឱ្យល្បឿនអភិវឌ្ឍ AI របស់អាមេរិកថមថយ និងខាតបង់ប្រៀបប្រកួតប្រជែងជាមួយចិន។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ត្រូវបានគ្រោងជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅការិយាល័យកណ្តាល JPMorgan Chase ក្នុងក្រុងញូវយ៉ក ដើម្បីពិភាក្សាលើបញ្ហាសុវត្ថិភាព AI ពាណិជ្ជកម្ម និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត៕






