នាយបេសកកម្មកម្ពុជា ចាត់ទុកការឈ្នះមេដាយ ២គ្រឿងដំបូង នៅកីឡាអាស៊ី ជាថាមពលផ្លូវចិត្តដ៏សំខាន់ដល់អត្តពលិកផ្សេងៗត្រៀមការប្រកួតបន្ទាប់
21-09-2026 11:00
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមកីឡាជម្រើសជាតិកម្ពុជា បានចាត់ទុកជាការឈ្នះមេដាយសំរឹទ្ធ ២គ្រឿងដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន គឺជាប្រភពថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់អត្តពលិកប្រភេទកីឡាផ្សេងៗ ក្នុងការត្រៀមការប្រកួតប្រជែង និងស្វែងរកមេដាយជូនជាតិបន្ដទៀត។
ការលើកឡើងនេះ បន្ទាប់ពីកម្ពុជារកបានមេដាយសំរឹទ្ធ ២គ្រឿងដំបូង នៅថ្ងៃទី២០ ខែកញ្ញា ដោយក្រុមកីឡាបាល់ទាត់លើតុ ក្នុងនោះមានកីឡាការិនី ឌី គឹមយាន ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្ដជននារី និងមេដាយសំរឹទ្ធ ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាស លើវិញ្ញាសាគូនារី។
នាយបេសកកម្មខាងលើបន្ដថា មកទល់ពេលនេះ ដំណើរការនៃការចូលរួមរបស់ប្រតិភូ និងអត្តពលិកកម្ពុជា ទាំងពិធីបើកផ្លូវការ និងការប្រកួតលើទីលាន ក្នុងកីឡាអាស៊ី លើកទី២០ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ក្នុងនោះក៏មានការអញ្ជើញដឹកនាំ និងលើកទឹកចិត្តផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC ផងដែរ។
អ្វីដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់ និងជាដំណឹងរីករាយបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺក្រុមកីឡាបាល់ទាត់លើតុកម្ពុជា បានប្រជែងដណ្តើមបានមេដាយដំបូងជូនមាតុភូមិ។ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាផងនោះ លោក វ៉ាត់ ចំរើន បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម រហូតអាចវិវត្តសមត្ថភាពពីការប្រកួតកម្រិតតំបន់ សន្ទុះទៅដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កម្រិតទ្វីបដ៏ធំមួយនេះ។
លោកបានសង្កត់ធ្ងន់ថា «ការសម្រេចបានមេដាយកម្រិតទ្វីបអាស៊ីនាពេលនេះ មិនត្រឹមតែជាជ័យជម្នះដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូ និងជាប្រភពថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់ប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ក្នុងការតស៊ូដណ្តើមជ័យជម្នះជូនជាតិ»។
គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ១០៦នាក់លើ ១៤ប្រភេទកីឡា ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលាខាងមុខ៕













