វិសាខា ជាក្រុមតែមួយគត់ រកបាន ៩ពិន្ទុពេញមុនសម្រាក FIFA Day ក្រោយព្រះខ័នរាជ ស្មើ ISI
21-09-2026 11:25
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានក្លាយជាក្រុមតែមួយគត់ ដែលរកបាន ៩ពិន្ទុពេញ គិតត្រឹមសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ បន្ទាប់ពីក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង រកបានត្រឹម ១ពិន្ទុពីក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ។
វិសាខា បានយកឈ្នះ ៣ប្រកួតជាប់គ្នា បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៦-១ និងឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ២-០ ពួកគេបានបន្ដយកឈ្នះក្រុមខ្លាំងបឹងកេត ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ជ័យជម្នះជាបន្ដបន្ទាប់នេះ មិនត្រឹមធ្វើឲ្យ វិសាខា ឈរកំពូលតារាងជាមួយគម្លាត ២ពិន្ទុពីក្រុមឈរលេខ២ និងលេខ៣ នោះទេ តែបានបង្ហាញពីភាពខ្លាំង ក្រោយកំណែទម្រង់ និងការពង្រឹងក្រុមដ៏ខ្លាំងក្លាយ សម្រាប់ត្រៀមរដូវកាលថ្មីរបស់ពួកគេផងដែរ។
ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបធ្វើការងារធ្ងន់ក្នុងពាន AFC Champions League Two 2026/26 លើទឹកដីជប៉ុន បានបន្ដការប្រកួតដ៏ស្វិតស្វាញជាមួយក្រុមដំរីជ័យ ISI ដង្កោសែនជ័យ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ចំពោះមុខអ្នកគាំទ្រជាង ៣ពាន់នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។
ជំនួបដ៏កក្រើកនេះ កីឡាករ ញាណ សុស៊ីដាន បានស៊ុតគ្រាប់នាំមុខឲ្យក្រុមការពារតំណែងជើងឯក តាំងពីនាទីទី៧ មុនកីឡាករ Tezuka Takahiro វាយបកគ្រាប់តាមស្មើឲ្យ ISI ដង្កោសែនជ័យ នៅនាទី៤៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ ដោយមាន ៧ពិន្ទុ ស្មើក្រុមណាហ្គាវើលដ៏ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ដូចគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ ឈរលេខ៤ និងមាន ៥ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ ១ និងស្មើ ២។
បច្ចុប្បន្នមានបេក្ខភាព ៤ក្រុមប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ចាញ់ គឺវិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៏ និង ISI ដង្កោសែនជ័យ ហើយមាន ២ក្រុម ដែលមិនទាន់រកបានពិន្ទុ គឺមានក្រុមឡាយហ្វខេត្តព្រះសីហនុ និងក្រុមកងយោធពលខេមរភូមិន្ទ៕












