កីឡាកាយសម្ព័ន្ធ បន្ដបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីពង្រឹងគុណភាពគ្រូ និងជំរុញការអភិវឌ្ឍយុវជន
21-09-2026 15:44
(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបន្ដរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ស្ដីពីគ្រូបង្វឹកជំនាញអភិវឌ្ឍន៍យុវជនថ្នាក់ជាតិ National Development Youth MAG Academy in Aerobic (កម្រិត១-២) និងការបោះជំរំហ្វឹកហាត់ Training Camp ប្រចាំឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងបន្ថែមនូវគុណភាពគ្រូបង្វឹកក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍យុវជនផ្នែកកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកនៅកម្ពុជា។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គសិក្សានេះក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងមានកិច្ចសហការពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែកញ្ញា ដោយមានសិក្ខាកាមចំនួន ២២នាក់ (ស្ដ្រី ៧រូប) មកពី ៥រាជធានី-ខេត្តចូលរួម គឺរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និងម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ដែលសិក្ខាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
លោកបន្ដថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរៀងរាល់ឆ្នាំ ស្របតាមផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំរបស់សហព័ន្ធ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធានសហព័ន្ធ និងក្រសួងអប់រំ ដើម្បីជំរុញ និងពន្លឿនការអភិវឌ្ឍកីឡាជំនាញ តាមសហព័ន្ធកីឡាជាតិ ដើម្បីបណ្ដុះបណ្ដាលនូវធនធានកីឡាករ-កីឡាការិនី សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសធនធានអត្តពលិកវ័យក្មេងត្រៀមការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។
ជាមួយវគ្គសិក្សារយៈពេលជិត ១សប្ដាហ៍នេះដែរ គឺបង្រៀនដោយគ្រូឧទ្ទេស ២រូប រួមមានលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងកញ្ញា សោ សុគី គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា៕













