Amazon រារាំងភ្នាក់ងារ AI របស់ Meta មិនឱ្យចូលប្រើប្រាស់វេបសាយខ្លួន
22-09-2026 09:13
(បរទេស)៖ អ្នកប្រើប្រាស់ជំនួយការ AI របស់ Meta ដែលមានឈ្មោះថា «Muse» ត្រូវបានរារាំងមិនឱ្យធ្វើប្រតិបត្តិការទិញទំនិញនៅលើវេបសាយ Amazon ទៀតឡើយ បន្ទាប់ពីប្រព័ន្ធរបស់ Amazon បានឃើញ និងចេញសារបដិសេធចំពោះការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃអាទិត្យទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយអ្នកប្រើប្រាស់ជំនួយការ AI របស់ Meta គឺ Muse បានជួបប្រទះនូវបញ្ហានៅពេលព្យាយាមទិញទំនិញនៅលើវេបសាយ Amazon ដោយទទួលបាននូវសារកំហុស (Error Message) ដ៏ចម្លែកមួយ។ យោងតាមការរកឃើញដំបូងដោយសារព័ត៌មាន GeekWire សារកំហុសនោះបានចែងយ៉ាងច្បាស់ថា «ការបន្តចូលប្រើប្រាស់ដោយភ្នាក់ងារ AI គ្មានការអនុញ្ញាត គឺបំពានលើលក្ខខណ្ឌនៃការប្រើប្រាស់របស់ Amazon ដែលអតិថិជនរបស់យើងបានយល់ព្រម»។ ការប្រកាសហាមឃាត់នេះមានន័យថា Muse មិនត្រូវបានស្វាគមន៍ក្នុងនាមជាអ្នកទិញទំនិញនៅលើប្រព័ន្ធរបស់ Amazon នោះឡើយ ហើយអតិថិជនណាដែលចង់ទិញទំនិញនៅលើវេបសាយនេះតាមរយៈជំនួយការ AI របស់ Meta នឹងត្រូវស្វែងរកមធ្យោបាយ ឬផ្លូវផ្សេង។
អ្នកវិភាគមើលឃើញថា បញ្ហាខាងលើគឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ពីការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុនយក្សបច្ចេកវិទ្យាទាំងពីរ ត្បិតថា Amazon ក៏មានក្រុមម៉ូដែលមូលដ្ឋានផ្ទាល់ខ្លួន ព្រមទាំងជាម្ចាស់វេទិកា Inference ដ៏ពេញនិយមបំផុតមួយនៅលើអ៊ីនធឺណិតផងដែរ។ដូច្នេះហើយ ដរាបណាពួកគេមិនមានកាតព្វកិច្ចផ្លូវច្បាប់ណាមួយក្នុងការបើកទ្វារស្វាគមន៍ Muse នោះ ពួកគេក៏គ្មានហេតុផលអ្វីត្រូវអនុ ញ្ញាតឱ្យដៃគូប្រកួតប្រជែងប្រើប្រាស់ប្រព័ន្ធខ្លួនដោយសេរីដែរ។
បញ្ហាផ្សេងទៀត គឺហានិភ័យនៃពាណិជ្ជកម្មភ្នាក់ងារ AI ពោលក្រៅពីបញ្ហាប្រកួតប្រជែងអាជីវកម្ម Amazon ក៏មានហេតុផលសំខាន់ៗផ្សេងទៀត ដែលមិនទាន់ចង់ចូលរួមក្នុងវិស័យពាណិជ្ជកម្មដែលជំរុញដោយភ្នាក់ងារ AI ក្នុងពេលនេះ។ ប្រសិនបើ Muse ធ្វើការបញ្ជាទិញទំនិញខុសឆ្គងណាមួយ Amazon នឹងក្លាយជាអ្នកទទួលខុសត្រូវដំបូងគេក្នុងការដោះស្រាយបញ្ហា ដោយត្រូវប្រឈមមុខទាំងជាមួយអតិថិជនដែលខឹងសម្បារ និងអ្នកលក់ដែលមិនពេញចិត្ត។
គួរជម្រាបថា ទោះបីជា Amazon មើលឃើញពីឱកាសដ៏ធំធេងនៅក្នុងវិស័យពាណិជ្ជកម្មតាមរយៈ AI ក៏ដោយ ប៉ុន្តែពួកគេប្រហែលជាចង់រង់ចាំការអភិវឌ្ឍជំនាន់ក្រោយៗ និងការវាយតម្លៃបន្ថែមទៀត មុននឹងសម្រេចចិត្តបើកទ្វារឱ្យប្រព័ន្ធ AI ចូលមកធ្វើប្រតិបត្តិការទិញទំនិញនៅលើវេបសាយរបស់ខ្លួនជាផ្លូវការ៕










