Alibaba គ្រោងបង្កើត AI ដែលមានប៉ារ៉ាម៉ែត្រដល់ ១០ ទ្រីលាន និងបង្ហាញឈីបថ្មី
22-09-2026 11:27
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba គ្រោងបណ្តុះបណ្តាលម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ថ្មី ដែលមានប៉ារ៉ាម៉ែត្រចន្លោះពី ៥ ទ្រីលាន ដល់ ១០ ទ្រីលាន ដែលអាចមានទំហំធំជាងម៉ូដែលធំបំផុតបច្ចុប្បន្នរបស់ខ្លួនប្រហែល ២ ទៅ ៤ ដង។ នាយកប្រតិបត្តិ (CEO) Alibaba លោក Eddie Wu បានបញ្ជាក់ដូច្នេះនៅក្នុងសន្និសីទប្រចាំឆ្នាំ Apsara Conference នៅទីក្រុងហាំងចូវ ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
លោក Wu បាននិយាយថា ក្រុមការងារ Qwen កំពុងស្រាវជ្រាវបន្ថែមលើរចនាសម្ព័ន្ធម៉ូដែល និងការបង្កើនប្រសិទ្ធភាពទិន្នន័យ ដើម្បីឱ្យ AI អាចបំពេញ «កិច្ចការដែលមានភាពស្មុគស្មាញ និងត្រូវការរយៈពេលវែងជាងមុន» និងឈានទៅរកបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ជាងមនុស្ស (ASI)។ លោកក៏បានអះអាងថា ក្រុម Qwen ទទួលបាន «វឌ្ឍនភាពគួរឱ្យកត់សម្គាល់» ក្នុងការធ្វើឱ្យ AI អាចស្វែងរកចំណុចខ្វះខាត បង្កើតការពិសោធន៍ និងកែលម្អខ្លួនឯងជាបន្តបន្ទាប់។
ក្រៅពីម៉ូដែល AI Alibaba ក៏បានបង្ហាញបន្ទះឈីប AI ជំនាន់ថ្មី Zhenwu V900 ដែលលោក Wu ហៅថា ជាបន្ទះឈីប AI មានសមត្ថភាពខ្ពស់បំផុតនៅក្នុងប្រទេសចិន។ លោកបាននិយាយថា ឈីបថ្មីនេះមានសមត្ថភាពខ្ពស់ជាង M890 ជំនាន់មុន ៣ ដង ហើយក្រុមហ៊ុនរំពឹងថា ការដឹកជញ្ជូនឈីប AI ប្រចាំឆ្នាំនឹងកើនឡើងយ៉ាងខ្លាំង។ ការអភិវឌ្ឍនេះកើតឡើង ខណៈក្រុមហ៊ុនចិនកំពុងប្រជែងបង្កើតជម្រើសក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើបន្ទះឈីប Nvidia ចំពេលមានការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក។
លោក Wu ក៏បានកំណត់គោលដៅឱ្យសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យទូទាំងពិភពលោករបស់ Alibaba Cloud កើនលើស ២០ ជីហ្គាវ៉ាត់នៅឆ្នាំ ២០៣២។ លោកបាននិយាយថា តម្រូវការរបស់អតិថិជនចំពោះ AI នៅតែ «ខ្លាំងខុសពីធម្មតា» ប៉ុន្តែការខ្វះខាតផ្នែកផ្គត់ផ្គង់កំពុងកំណត់ល្បឿនពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ លោក Wu បានពិពណ៌នាសម័យកាលនេះថា ជាការចាប់ផ្តើមនៃយុគសម័យ «បញ្ញាម៉ាស៊ីន» ដោយបញ្ជាក់ថា៖ «ផលិតផលដែលពិតជានឹងបង្កើតការផ្លាស់ប្តូរដ៏ធំក្នុងយុគសម័យបញ្ញាម៉ាស៊ីន នៅមិនទាន់មកដល់នៅឡើយទេ»៕











