Binance ស្ថិតក្រោមការស៊ើបអង្កេតរបស់អាមេរិក ជុំវិញការជួញដូរដែលអាចរំលោភទណ្ឌកម្មអ៊ីរ៉ង់
22-09-2026 13:38
(បរទេស)៖ ព្រះរាជអាជ្ញាសហព័ន្ធអាមេរិកកំពុងស៊ើបអង្កេតថា តើក្រុមហ៊ុន Binance បានរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដោយមិនបានទប់ស្កាត់សកម្មភាពជួញដូរមួយចំនួននៅលើវេទិការបស់ខ្លួនឬយ៉ាងណា។ នេះបើតាមការរាយការណ៍របស់ Bloomberg News ដោយផ្អែកលើប្រភពដែលដឹងអំពីករណីនេះ។ ការស៊ើបអង្កេតដឹកនាំដោយការិយាល័យព្រះរាជអាជ្ញាអាមេរិកប្រចាំ Manhattan និងមានផ្នែកព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌អាមេរិកចូលរួមផងដែរ។
យោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អាជ្ញាធរកំពុងពិនិត្យថា តើ Binance បានអនុញ្ញាតឱ្យមានសកម្មភាពជួញដូរដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ដោយដឹងជាមុនឬអត់។ ជាការឆ្លើយតប Binance បានបញ្ជាក់ថា ខ្លួនមានគោលការណ៍ «មិនអត់ឱនចំពោះការរំលោភទណ្ឌកម្ម» និងថា «យើងសហការយ៉ាងពេញលេញជាមួយស្ថាប័នអនុវត្តច្បាប់ ហើយយើងនៅតែប្តេជ្ញាលុបបំបាត់ និងបិទសកម្មភាពរបស់អ្នកប្រព្រឹត្តខុស»។
នេះមិនមែនជាលើកទី១ទេដែល Binance ប្រឈមនឹងការត្រួតពិនិត្យពីអាជ្ញាធរអាមេរិក។ កាលពីឆ្នាំ២០២៣ អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Changpeng Zhao បានចុះចេញពីតំណែង និងសារភាពកំហុសចំពោះការបំពានច្បាប់ប្រឆាំងការលាងលុយរបស់អាមេរិក។ ករណីនោះត្រូវបានដោះស្រាយតាមកិច្ចព្រមព្រៀងទូទាត់ប្រាក់ចំនួន ៤.៣ ពាន់លានដុល្លារ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំលើវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក។
គួរជម្រាបថា ការស៊ើបអង្កេតថ្មីនេះកើតឡើង ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់។ កាលពីដើមខែកញ្ញា រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុន និងបុគ្គលមួយចំនួន ដែលខ្លួនចោទថា កំពុងជួយក្រុម Hezbollah និងក្រុមសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា៕








