រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ និងស្រុកខូង ខេត្តចម្ប៉ាសាក់ រៀបចំការប្រកួតបាល់ទាត់មិត្តភាព ពង្រឹងចំណងសាមគ្គីភាពកម្ពុជា-ឡាវ
22-09-2026 14:58
(ព្រះវិហារ)៖ រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ កម្ពុជា និងរដ្ឋបាលស្រុកខូង ខេត្តចម្ប៉ាសាក់ ឡាវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព នៅទីលានបាល់ទាត់បាណា ស្រុកខូង ខេត្តចម្ប៉ាសាក់ ដោយលទ្ធផលចុងក្រោយ ក្រុមទាំងពីរបានស្មើគ្នា ៣ទល់៣។
ការប្រកួតបាល់ទាត់មិត្តភាព កម្ពុជា-ឡាវ នេះ កីឡាករកម្ពុជា ដឹកនាំដោយលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងថ្នាក់ដឹកនាំ ដោយឡែកកីឡាករឡាវ ដឹកនាំដោយលោកអភិបាលស្រុកខូង និងថ្នាក់ដឹកនាំ ដើម្បីធ្វើការប្រកួតរួមគ្នាលើកកម្ពស់សកម្មភាពកីឡា និងពង្រឹងទំនាក់ទំនងល្អរវាងមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងពីរ។
ក្រៅពីជាសកម្មភាពកីឡា ការប្រកួតបាល់ទាត់មិត្តភាពនេះ ក៏ជាវេទិកាមួយសម្រាប់ពង្រឹងចំណងមិត្តភាព សាមគ្គីភាព ការយោគយល់ និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងឡាវ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ មានទំនាក់ទំនងល្អជាប្រពៃណី តាមរយៈការប្រាស្រ័យទាក់ទង ការដោះដូរទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដែលបានចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាព និងការរស់នៅប្រកបដោយសុខដុមរមនា។
ការជួបជុំតាមរយៈសកម្មភាពកីឡាបែបនេះ ត្រូវបានចាត់ទុកជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្កើនការយល់ចិត្តគ្នា និងរក្សាទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសកម្ពុជា និងឡាវ ដែលមានទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីយូរណាស់មកហើយ៕


























