គោព្រៃកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមប្រកួតពាន FIFA ASEAN Cup ជាមួយមហិច្ឆតាគ្រងជើងឯក
23-09-2026 09:33
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតពានរង្វាន់ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ FIFA ASEAN Cup 2026 ខណៈគ្រូបង្វឹកលោក Koji Gyotoku បានបង្ហាញមហិច្ឆតាខ្ពស់របស់ក្រុម ក្នុងការប្រជែងជើងឯកពាន ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) នេះ។
អំឡុងពេលហ្វឹកហាត់ថ្ងៃដំបូងនៅទីលានហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃអង្គារកន្លងទៅ លោក Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានគូសបញ្ជាក់ថា ការប្រមូលផ្ដុំលើកនេះ អំណោយផលជាងមុន ដ្បិតចំថ្ងៃសម្រាក FIFA Day ធ្វើឲ្យកីឡាករលោកជ្រើសរើស ត្រូវបានក្លិបអនុញ្ញាតបញ្ជូនមកប្រមូលផ្ដុំតាមសំណើ។
យ៉ាងណាមិញលោកថា មានពេលវេលាខ្លីក្នុងការតាមដានកីឡាករ ព្រោះការប្រកួតលីគកំពូលកម្ពុជា ទើបចាប់ផ្ដើមបាន ៣សប្ដាហ៍ នាំឲ្យការប្រកួតខ្លះ លោកមិនបានចូលរួមទស្សនាផ្ទាល់។ បែបនេះក្ដីលោកមានសុទិដ្ឋិនិយមលើកីឡាករដែលត្រូវបានជ្រើសរើស ហើយប្ដេជ្ញានឹងពួតដៃគ្នាធ្វើឲ្យបានល្អក្នុងការប្រកួត FIFA ASEAN Cup 2026 នាពេលខាងមុខ។
លោកថា «សម្រាប់ខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អ និងធ្វើឲ្យបានល្អក្នុងការប្រកួត FIFA ASEAN Cup 2026 ព្រោះគោលបំណងរបស់យើង គឺចង់បានពាន។ មិនត្រឹមតែប៉ុណ្ណឹងទេ យើងនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីឲ្យការប្រកួតលើកក្រោយ យើងអាចឈានដល់ការប្រកួតនៅកម្រិតទី១ ព្រោះលើកនេះយើងលេងក្នុងពានកម្រិតទី២ នៅឡើយទេ»។
គួរដឹងថា ពានរង្វាន់ថ្មីប្រចាំតំបន់ដែលទទួលស្គាល់ និងគាំទ្រដោយ FIFA នេះ មាន ១៤ក្រុមចូលរួម ក្នុងនោះក្រៅពីបណ្ដាក្រុមជម្រើសជាតិបុរសនៅអាស៊ាន ក៏មានក្រុមជម្រើសជាតិមួយចំនួន ត្រូវបានអញ្ជើញចូលរួមពីក្រៅតំបន់ផងដែរ។ ចំពោះការប្រកួតបែងចែកការប្រកួតជា ២កម្រិត គឺពាន FIFA ASEAN Cup កម្រិត១ ឬ Premier Division មានបេក្ខភាព ៨ក្រុមត្រូវប្រជែង និងបែងចែកជា ២ពូល គឺពូល A មានក្រុមឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងបង់ក្លាដែស និងពូល B មានវៀតណាម, ហ្វីលីពីន, ថៃ និងប៉ាគីស្ថាន។
ដោយឡែកក្រុមជម្រើសជាតិកម្ពុជា លេងនៅពាន FIFA ASEAN Cup កម្រិត២ ឬ Challenge Division ដែលមានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូលដូចគ្នារួមមានពូល A គឺមានម្ចាស់ផ្ទះហុងកុង, ឡាវ និងប្រ៊ុយណេ គ្រាដែលពូល B មានក្រុមគោព្រៃកម្ពុជា, មីយ៉ាន់ម៉ា និងទីម័រខាងកើត។
ព្រឹត្តិការណ៍នេះដែរនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្នុងពានកម្រិតទី១ នឹងប្រកួតនៅទឹកដីកណ្ដាល នាប្រទេសឥណ្ឌូនេស៊ី គ្រាដែលពានកម្រិតទី២ នឹងប្រកួតនៅហុងកុង។ ក្រោយបញ្ចប់វគ្គជម្រុះតាមពូល ក្រុមដែលឈរលេខ១ តាមពូលនីមួយៗ នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ Challenge Division គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៣ ខែតុលា គ្រាដែលវគ្គផ្ដាច់ព្រ័ត្រ Premier Division នឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ៕











