OpenAI និង Anthropic ស្នើអូស្ត្រាលីបន្ធូរច្បាប់រក្សាសិទ្ធិ ដើម្បីបណ្តុះបណ្តាល AI
23-09-2026 09:39
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI និង Anthropic បានអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលីពិចារណាបន្ធូរបន្ថយការហាមឃាត់លើការប្រើប្រាស់ស្នាដៃច្នៃប្រឌិតដែលមានសិទ្ធិអ្នកនិពន្ធ សម្រាប់បណ្តុះបណ្តាលម៉ូដែលបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុនទាំងពីរបានលើកឡើងថា ការលើកលែងក្នុងកម្រិតកំណត់ និងមានលក្ខខណ្ឌ អាចជួយរក្សាសិទ្ធិរបស់អ្នកបង្កើតស្នាដៃ ខណៈជំរុញការវិនិយោគ និងការអភិវឌ្ឍ AI នៅអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងសំណើដាក់ទៅគណៈកម្មាធិការសភាអូស្ត្រាលីកាលពីខែកញ្ញា Anthropic ដែលជាក្រុមហ៊ុនបង្កើត AI Claude បានទទួលស្គាល់ថា ការលើកលែងទូលំទូលាយពីច្បាប់រក្សាសិទ្ធិមិនទទួលបានការគាំទ្រគ្រប់គ្រាន់ ហើយត្រូវបានរដ្ឋាភិបាលបដិសេធ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានស្នើឱ្យមាន «ការអនុម័តតាមលក្ខខណ្ឌក្នុងកម្រិតចង្អៀត» ដែលអាចតម្រូវឱ្យក្រុមហ៊ុនវិនិយោគ ឬគាំទ្រអ្នកបង្កើតស្នាដៃ និងវិស័យវប្បធម៌របស់អូស្ត្រាលី។
ចំណែក OpenAI ដែលជាក្រុមហ៊ុនបង្កើត ChatGPT បានអំពាវនាវឱ្យមាន «ក្របខណ្ឌរក្សាសិទ្ធិដែលមានតុល្យភាព និងអនុញ្ញាតឱ្យម៉ូដែលរៀនពីព័ត៌មានដែលមានជាសាធារណៈ» ខណៈផ្តល់ឱកាសដល់ម្ចាស់សិទ្ធិអាចសហការជាមួយក្រុមហ៊ុន AI។ ក្រុមហ៊ុនទាំងពីរក៏បានលើកឡើងពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI នៅអូស្ត្រាលី ដោយ OpenAI មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន NextDC សម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យនៅទីក្រុងស៊ីដនី ខណៈ Anthropic ត្រូវបានចូលរួមជាដៃគូក្នុងគម្រោងមជ្ឈមណ្ឌលទិន្នន័យមួយនៅរដ្ឋ Queensland។
គួរជម្រាបថា ការអំពាវនាវនេះកើតឡើង ខណៈរដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាថ្លឹងថ្លែងរវាងការជំរុញការអភិវឌ្ឍ AI និងការការពារសិទ្ធិអ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ និងអ្នកបង្កើតស្នាដៃ។ គណៈកម្មាធិការរួមពិសេសស្តីពី AI របស់សភាអូស្ត្រាលី ដែលកំពុងពិនិត្យទំនាក់ទំនងរវាង AI និងច្បាប់កម្មសិទ្ធិបញ្ញា គ្រោងនឹងចេញរបាយការណ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕










