Arteta ព្រមព្រៀងបន្តដឹកនាំកាំភ្លើងធំ Arsenal ក្រោយត្រូវបានតែងតាំងកាលពីឆ្នាំ២០១៩
23-09-2026 10:41
(បរទេស)៖ គ្រូបង្វឹក Mikel Arteta បានបន្តរួមរស់ជាមួយក្រុមជើងឯកលីគអង់គ្លេស Arsenal យ៉ាងហោចណាស់ក៏បានរយៈពេល ១០ឆ្នាំដែរ ក្រោយចូលដឹកនាំកាលឆ្នាំ២០១៩ កន្លងមក បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាបំណាច់រដូវកាលនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះ បានខិតជិតក្នុងការចុះកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Emirates បន្ទាប់ពីព្រមព្រៀងគ្នាក្នុងដំណាក់កាលចុងក្រោយរួចមក ក្រោយការជជែកពីកិច្ចសន្យាថ្មីជាច្រើនខែមកនេះ។
បើទោះបីជាពុំទាន់ប្រកាសពីរយៈពេលកិច្ចសន្យាថ្មីក៏ដោយ ក៏ភាគីទាំងពីរ ជាពិសេសលោក Arteta អតីតកីឡាករក្លិប Arsenal ផងនោះ ទំនងជាដឹកនាំក្រុមកាំភ្លើងធំមួយនេះ យ៉ាងហោចណាស់ក៏មានរយៈពេល ១០ឆ្នាំផងដែរ។
ចំពោះកិច្ចសន្យាថ្មីនេះដែរ ក៏រួមបញ្ចូលទាំងថ្លៃពលកម្មមានការកើនឡើង បន្ថែមលើថ្លៃឈ្នួលបច្ចុប្បន្នប្រមាណ ១០លានផោនក្នុង ១ឆ្នាំ បូកផ្សំនឹងប្រាក់លើកទឹកចិត្ត ៥លានផោនទៀតផង។
ស្នាដៃធំរបស់ Arteta ក្នុងការដឹកនាំ Arsenal ពោលគឺបានរួមចំណែកជួយក្លិបនេះសម្រេចគោលដៅឈ្នះជើងឯកលីគ Premier League មកវិញ ក្រោយរង់ចាំអស់ ២០ឆ្នាំ និងឈានដល់វគ្គ្ផផ្តាច់ព្រ័ត្រពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលមុន បើទោះបីជាចាញ់ម្ចាស់ការពារតំណែងជើងឯក PSG ក៏ដោយ៕



