* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

វែនតាឆ្លាតវៃ និងឧបករណ៍ AI Pins កំពុងប្រឈមមុខនឹងរលកបារម្ភរឿង «ឯកជនភាព» ដែលជាឧបសគ្គធំសម្រាប់បច្ចេកវិទ្យាជំនាន់ថ្មី

23-09-2026 10:45

(បរទេស)៖ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលកំពុងដាក់ភ្នាល់លើឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដើម្បីដឹកនាំពិភពលោកឱ្យឈានចូលដល់ «យុគសម័យក្រោយស្មាតហ្វូន» កំពុងប្រឈមមុខនឹងរលកនៃការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាភាពឯកជន (Privacy) ទូទាំងពិភពលោក ដែលអាចធ្វើឱ្យការទម្លាក់លក់ និងការទទួលយកបច្ចេកវិទ្យាថ្មីនេះមានភាពយឺតយ៉ាវ។

រលកនៃការតវ៉ា និងការព្រួយបារម្ភខ្លាំងបំផុត គឺកើតមានឡើងលើវែនតាឆ្លាតវៃ Meta Ray-Ban ដែលជាការសហការគ្នារវាងក្រុមហ៊ុន Meta និង EssilorLuxottica ដោយសារវាបានបញ្ចូលកាមេរ៉ា និង AI ដែលអាចមើល ឮ និងឆ្លើយតបនឹងពិភពខាងក្រៅបាន។ ទោះបីជាវែនតា នេះទទួលបានប្រជាប្រិយភាពខ្លាំងក៏ដោយ ប៉ុន្តែវាបានក្លាយជាគោលដៅនៃការរិះគន់យ៉ាងខ្លាំង ដោយសារតែការប្តឹងផ្តល់ផ្លូវច្បាប់ ពោលក្រុមហ៊ុន Meta កំពុងប្រឈមមុខនឹងបណ្តឹង ដោយសារការចោទប្រកាន់ថា វីដេអូនានាដែលថតដោយវែនតានេះ ត្រូវបានបញ្ជូនទៅកាន់ Server របស់ Meta ហើយត្រូវគេមើលឃើញដោយភ្នែកមនុស្ស (Human annotators) ដើម្បីយកទៅបង្ហាត់ប្រព័ន្ធ AI ដែលរួមទាំងការថតជាប់ពេលមនុស្សផ្លាស់ប្តូរខោអាវ ប្រើបន្ទប់ទឹក ឬដោះស្រាយរឿងហិរញ្ញវត្ថុដោយអចេតនា។ បញ្ហាផ្សេងទៀត គឺកន្លែងកម្សាន្ត និងបារជាច្រើននៅក្នុងប្រទេសចក្រភពអង់គ្លេស និងបារាំង បានដាក់កំហិត ឬហាមឃាត់ការប្រើប្រាស់វែនតាដែលមានកាមេរ៉ានេះ ដោយសារបារម្ភពីការលួចថតដោយគ្មានការយល់ព្រម (Covert recordings)។

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យាកំពុងព្យាយាមស្វែងរកទម្រង់ថ្មីៗ ដូចជាវែនតា ម្ជុល (Pins) និងឧបករណ៍ថតសំឡេងផ្សេងៗ៖

១៖ វែនតាគ្មានកាមេរ៉ា ក្រុមហ៊ុន Startups មួយចំនួនដូចជា Even Realities បានបង្កើតវែនតា G1 និង G2 ដែលគ្មានបំពាក់កាមេរ៉ា ដើម្បីគេចផុតពីការព្រួយបារម្ភរឿងលួចថត ដោយផ្តោតលើការបង្ហាញព័ត៌មានតាមកញ្ចក់ភ្នែកវិញ។
២៖ ឧបករណ៍ថតសំឡេងដែលត្រូវចុចបញ្ជា ក្រុមហ៊ុនដូចជា Pocket ឬ Plaud បានបង្កើតឧបករណ៍កត់ត្រាដែលតម្រូវឱ្យអ្នកប្រើប្រាស់ចុចប៊ូតុងដោយផ្ទាល់ និងមានសញ្ញាភ្លើងបញ្ជាក់ច្បាស់លាស់ពេលថត ដើម្បីធានាថាគ្មានការលួចស្តាប់ ឬថតសម្ងាត់។

អ្នកជំនាញ និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាបានលើកឡើងថា ប្រសិនបើឧបករណ៍ AI ត្រូវស្តាប់ និងតាមដានជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ជានោះវាមិនអាចទៅរួចទេ ដែលទិន្នន័យទាំងអស់ត្រូវបញ្ជូនទៅរក្សាទុកលើ Cloud server។ នាពេលអនាគត ប្រព័ន្ធ AI ត្រូវតែអាចដំណើរការទិន្នន័យផ្ទាល់នៅលើឧបករណ៍ផ្ទាល់ខ្លួន (Local AI Processing) ទើបអាចទាក់ទាញទំនុកចិត្តពីសាធារណជនបាន៕