* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

ភាពយន្តរន្ធត់បែបយុវវ័យ «កុំសន្យា» វណ្ណកម្មទី ៨ របស់ផលិតកម្ម «Mediaload Pictures» បើកសម្ពោធបញ្ចាំងជាផ្លូវការ

23-09-2026 12:17

(ភ្នំពេញ)៖ ភាពយន្តរន្ធត់បែបយុវវ័យថ្មីមួយទៀតចំណងជើងថា «កុំសន្យា» ដែលជាវណ្ណកម្មទី ៨ របស់ផលិតកម្ម «Mediaload Pictures» បានបើកសម្ពោធបញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ផលិតករ តារាសម្ដែង មន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ-សិល្បការិនី ព្រមទាំងមហាជន និងទស្សនិកជនយ៉ាងច្រើនកុះករ។

លោក អ៉ិន វិចិត្រ ចាងហ្វាងផលិតកម្ម Mediaload Pictures បានថ្លែងថា ភាពយន្ត «កុំសន្យា» នេះអាចមាននៅក្នុងទិដ្ឋភាពពិតនៅក្នុងសង្គមរបស់យើង ហើយមានអត្ថន័យអប់រំមួយចំនួនទាក់ទងនឹងការសន្យា និងវិបត្តិរបស់យុវជន។ លោកសង្ឃឹមថាទស្សនិកជននឹងចូលរួមទស្សនា និងផ្តល់មតិស្ថាបនា ក៏ដូចជាជួយចែករំលែក និងផ្សព្វផ្សាយ។ លោកក៏បានថ្លែងអំណរគុណដល់ទស្សនិកជន អ្នកគាំទ្រ Mediaload Pictures ក្រុម Influencer សិល្បករ-សិល្បការិនី និងក្រុមការងារទាំងអស់ដែលបានរួមចំណែកបង្កើតសមិទ្ធផលនេះឡើង។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ផលិតកម្ម Mediaload Pictures ក្នុងការអភិវឌ្ឍ និងផលិតភាពយន្តខ្មែរ។ លោកបានលើកទឹកចិត្ត និងសម្ដែងមោទនភាពចំពោះលោក ថៃ រស្មី ដែលជាអ្នកដឹកនាំរឿងថ្មីមួយនេះ ដែលជាវណ្ណកម្មទីមួយរបស់លោក។ លោក ប៉ុក បូរក្ស ជឿជាក់ថា ស្នាដៃនេះនឹងបង្កើតនូវរសជាតិថ្មីជូនទស្សនិកជន ហើយបានសំណូមពរឱ្យទស្សនិកជន ផ្តល់មតិវាយតម្លៃដោយរក្សានូវក្រមសីលធម៌ និងក្នុងន័យស្ថាបនា ដើម្បីជាកម្លាំងចិត្តដល់ផលិតករ អ្នកនិពន្ធ និងអ្នកដឹកនាំរឿង បន្តកែខៃចំណុចខ្វះខាតសម្រាប់ថ្ងៃអនាគត។

ភាពយន្តរឿង «កុំសន្យា» ដឹកនាំដោយលោក ថៃ រស្មី ដោយមានការចូលរួមសម្តែងពីតួឯកស្រី កញ្ញា ហុង ស្រីពេជ្រ ហៅ មីណា និងតួឯកប្រុស លោក យុង ឃុន។ ផលិតកម្ម Mediaload Pictures សង្ឃឹមយ៉ាងមុតមាំថា ភាពយន្តនេះនឹងទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់មហាជនខ្មែរ។ ភាពយន្តរឿង «កុំសន្យា» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅគ្រប់រោងភាពយន្តទំនើបនានា៕