Boeing និង Gogo សាកល្បងដ្រូនយោធាភ្ជាប់ផ្កាយរណប ប្រជែងនឹង Starlink
23-09-2026 13:03
(បរទេស)៖ ក្រុមហ៊ុន Insitu ដែលជាបុត្រសម្ព័ន្ធរបស់ Boeing និងក្រុមហ៊ុន Gogo បានប្រកាសថា ពួកគេបានសាកល្បងដោយជោគជ័យនូវដ្រូនយោធាដែលប្រើការទំនាក់ទំនងតាមផ្កាយរណប។ ប្រព័ន្ធនេះត្រូវបានបំពាក់លើដ្រូន Integrator ដែលប្រើសម្រាប់ការឃ្លាំមើល និងស៊ើបការណ៍ ដោយមានគោលដៅជួយកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធ Starlink របស់ SpaceX។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
ប្រព័ន្ធថ្មីនេះប្រើអង់តែន Galileo HDX ដែលត្រូវបានកែប្រែ និងភ្ជាប់ទៅនឹងបណ្តាញផ្កាយរណបគន្លងផែនដីទាប OneWeb របស់ Eutelsat ដើម្បីផ្តល់អ៊ីនធឺណិតល្បឿនលឿននៅទូទាំងពិភពលោក។ ក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធនេះក៏មិនស្ថិតក្រោមបទប្បញ្ញត្តិ ITAR របស់សហរដ្ឋអាមេរិក ដែលអាចជួយសម្រួលដល់ការនាំចេញទៅកាន់អតិថិជនអន្តរជាតិផងដែរ។
លោក John Kelly អនុប្រធានផ្នែកកំណើនរបស់ Insitu បាននិយាយថា៖ «ការបន្ថែមជម្រើសទំនាក់ទំនងតាមផ្កាយរណបល្បឿនលឿន ដែលមិនស្ថិតក្រោម ITAR គឺជាសមត្ថភាពដ៏សំខាន់សម្រាប់អតិថិជនរបស់យើងនៅទូទាំងពិភពលោក»។ លោកបន្ថែមថា បច្ចេកវិទ្យានេះនឹងពង្រីកចម្ងាយសម្រាប់ការបញ្ជា និងគ្រប់គ្រងដ្រូន ព្រមទាំងជួយបញ្ជូនទិន្នន័យពីឧបករណ៍ចាប់សញ្ញានៅសមរភូមិបានលឿនជាងមុន។
គួរជម្រាបថា ការប្រើប្រាស់ដ្រូនក្នុងសង្គ្រាមបានកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។ ខណៈយោធានានាត្រូវការដ្រូនដែលអាចប្រតិបត្តិការក្នុងចម្ងាយឆ្ងាយ និងទប់ទល់នឹងការរំខានសញ្ញា ការប្រកួតប្រជែងលើបណ្តាញទំនាក់ទំនងតាមផ្កាយរណបក៏កំពុងកើនឡើង។ Starlink និង Starshield របស់ SpaceX នៅតែមានតួនាទីសំខាន់ក្នុងវិស័យនេះ ប៉ុន្តែរដ្ឋាភិបាលអឺរ៉ុប និងមន្ត្រីមួយចំនួននៅក្រសួងការពារជាតិអាមេរិក បានបង្ហាញការព្រួយបារម្ភអំពីការពឹងផ្អែកខ្លាំងលើ Starlink ខណៈបណ្តាញរបស់វាមានផ្កាយរណបរាប់ពាន់គ្រឿង៕














