Mbappe ទម្លាយថា រូបគេបានខិតជិតផ្ទេរទៅក្លិប Liverpool កាលឆ្នាំ២០១៦ ដែលមានលោក Klopp ដឹកនាំ
23-09-2026 14:37
(បរទេស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានទម្លាយការពិតមួយថា រូបលោកបានខិតជិតក្នុងការផ្ទេរទៅកាន់ក្លិបអង់គ្លេស Liverpool កាលឆ្នាំ២០១៦ ដែលជាក្លិបសំណព្វចិត្តនៃម្តាយរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ម្ចាស់គ្រាប់បាល់ច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិមាន់គកបារាំង និងបច្ចុប្បន្នលេងនៅក្លិប Real Madrid រូបនេះបានលើកឡើងថា ហង្សក្រហមបានព្យាយាមចុះកិច្ចសន្យាជាមួយតាំងពីលោកមានអាយុទើប ១៨ឆ្នាំម្ល៉េះ ខណៈពេលកំពុងលេងនៅក្របខណ្ឌ Ligue 1 គឺ AS Monaco។
គ្រានោះដែរលោក Jurgen Klopp អតីតអ្នកចាត់ការទូទៅ Liverpool បាននិយាយថា រូបលោកបានជិះយន្តហោះឯកជន ដើម្បីមកពិសាបាយជាមួយក្រុមគ្រួសារ Mbappe ក្នុងគោលបំណង បញ្ចុះបញ្ចូលរូបគេ មុនពេលផ្លាស់ទៅចូលរួមជាមួយ Paris St-Germain ជំនួសវិញ។
Mbappe បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Athletic ថា «ម្តាយរបស់គាត់ គឺជាអ្នកគាំទ្រក្លិប Liverpool ដ៏ស្មោះស្ម័គ្រមួយរូប ដោយមានបំណងឱ្យកូនប្រុសរបស់នាងទៅចូលរួមជាមួយលោក Klopp ទៀតផង។ ខ្ញុំបានព្យាយាមបដិសេធ និងមិនស្តាប់ដំបូន្មានរបស់គាត់អ្វីទាំងអស់ ដោយសារខ្ញុំគ្រាន់តែចង់លេងបាល់ក្នុងទីក្រុងរបស់ខ្ញុំគឺ Paris។ ខ្ញុំមិនចង់ចាកចេញពីប្រទេសរបស់ខ្ញុំ មុនពេលខ្ញុំមានភាពឯករាជ្យឡើយ»។
ក្រោយមក Mbappe បច្ចុប្បន្នវ័យ ២៧ឆ្នាំបានចូលរួមជាមួយ PSG ជាលក្ខណៈខ្ចីជើង និងក្រោយមកត្រូវបានទិញដាច់ក្នុងតម្លៃ ១៨០លានអឺរ៉ូ ដោយលេងបាន ៧ឆ្នាំ មុនពេលចាកចេញទៅកាន់ក្លិបអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០២៤ ដល់បច្ចុប្បន្ននេះ៕



