* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

ក្រុមហ៊ុន Qualcomm ប្រកាសចេញឈីបស្មាតហ្វូនជំនាន់ថ្មីចំនួនពីរ ដោយផ្ដោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

23-09-2026 16:16

(បរទេស)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm បានប្រកាសជាផ្លូវការនូវបន្ទះឈីបស្មាតហ្វូនកម្រិតខ្ពស់ចំនួនពីរគឺ Snapdragon 8 Elite Gen 6 និង Snapdragon 8 Elite Extreme Gen 6 ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) និងការប្រើប្រាស់ប្រព័ន្ធឆ្លាតវៃនៅលើឧបករណ៍ផ្ទាល់ (On-device Agentic AI) ឱ្យកាន់តែមានកម្រិតខ្ពស់។

ឈីបជំនាន់ថ្មីទាំងពីរនេះ គឺជាបន្ទះឈីបដំបូងគេរបស់ Qualcomm ដែលត្រូវបានផលិតឡើងដោយផ្អែកលើបច្ចេកវិទ្យាខ្នាត ២ណាណូម៉ែត្រ (2nm) ដោយផ្តល់នូវកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ប៉ុន្តែស៊ីភ្លើងតិចជាងមុន ដែលត្រៀមនឹងបង្ហាញខ្លួននៅលើស្មាតហ្វូនលំដាប់កំពូលរបស់ម៉ាកយីហោល្បីៗដូចជា Samsung, Motorola និង Xiaomi ជាដើម។ ឈីបទាំងពីរប្រើប្រាស់ CPU ប្រភេទ Oryon ដែលអាចរត់បានដល់ល្បឿន 5.0 GHz និងបំពាក់មកជាមួយនូវខួរក្បាល NPU (Hexagon NPU) កែទម្រង់ថ្មី ដែលអាចដំណើរការគំរូ AI កម្រិតខ្ពស់ (MoE Models) ដែលមានទំហំធំរហូតដល់ 30 ពាន់លានប៉ារ៉ាម៉ែត្រ (30B parameters) ដោយផ្ទាល់នៅលើទូរសព្ទដោយមិនបាច់ពឹងផ្អែកលើប្រព័ន្ធពពក (Cloud) ឡើយ។

សម្រាប់ម៉ូដែល Snapdragon 8 Elite Extreme Gen 6 ត្រូវបានបំពាក់នូវខួរក្បាលក្រាហ្វិក Adreno GPU ថ្មី ដែលមានស្នូល Adreno AI matrix cores ដាច់ដោយឡែកពីគ្នា ជួយបង្កើនសមត្ថភាពក្រាហ្វិកទូទៅដល់ ៤៤ភាគរយ និងប្រើប្រាស់បច្ចេកវិទ្យា Adreno Neural Fusion សម្រាប់ការបង្កើតរូបភាពនិងស៊ុមវីដេអូដោយ AI ធ្វើឱ្យការលេងហ្គេមរលូននិងសន្សំសំចៃថាមពលបានរហូតដល់ ៤០ភាគរយ។ ជំនាន់ Extreme គាំទ្រការថតវីដេអូកម្រិត 8K ក្នុងល្បឿន 60 ហ្វ្រេមក្នុងមួយវិនាទី (fps) និង 4K ក្នុងល្បឿន 240fps ព្រមទាំងបំពាក់ប្រព័ន្ធកាមេរ៉ា ISP កម្រិត 20-bit AI ដែលជួយបង្កើនគុណភាពរូបភាពយ៉ាងអស្ចារ្យ។ ការតភ្ជាប់បណ្តាញជំនាន់ថ្មីនេះ គឺបំពាក់ប្រព័ន្ធ Qualcomm X105 5G Modem-RF និង FastConnect 8800 ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់បណ្តាញ 6G និងការតភ្ជាប់កម្រិតខ្ពស់ដូចជា Wi-Fi 8 និង Bluetooth 6.0។

គួរជម្រាបថា ការដាក់បង្ហាញឈីបថ្មីទាំងនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់របស់ Qualcomm ក្នុងការជួយឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនអាចផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍បច្ចេកវិទ្យា AI ដ៏ទំនើប ទោះបីជាទីផ្សារស្មាតហ្វូនសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកតម្លៃគ្រឿងក្នុងក៏ដោយ៕