ចិន ពិនិត្យការប្រើឧបករណ៍ Broadcom ខណៈជំរុញបច្ចេកវិទ្យាផលិតក្នុងស្រុក
24-09-2026 08:57
(បរទេស)៖ អាជ្ញាធរចិនកំពុងពិនិត្យមើលការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Broadcom នៅតាមមជ្ឈមណ្ឌលទិន្នន័យដែលគាំទ្រដោយរដ្ឋ ក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ AI ពីបរទេស។ នេះបើយោងតាមកាសែត Financial Times ដោយដកស្រង់ប្រភពដែលដឹងអំពីករណីនេះ និងចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
គណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋចិន (SASAC) បានស្ទង់មើលការប្រើប្រាស់ឧបករណ៍ប្តូរទិន្នន័យ (switches) របស់ Broadcom នៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ លទ្ធផលបឋមបង្ហាញថា ឧបករណ៍របស់ Broadcom អាចមានចំណែករហូតដល់ ៩០% នៃឧបករណ៍ប្តូរទិន្នន័យដែលកំពុងប្រើប្រាស់នៅទីនោះ។ ទោះជាយ៉ាងណា Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យបាននៅឡើយទេ។
ប្រភពបានឱ្យដឹងថា ដោយផ្អែកលើលទ្ធផលបឋម SASAC អាចចេញការណែនាំក្រៅផ្លូវការ ឱ្យមជ្ឈមណ្ឌលទិន្នន័យរបស់រដ្ឋកាត់បន្ថយការប្រើប្រាស់ឧបករណ៍ Broadcom។ វិធានការនេះអាចជាផ្នែកមួយនៃយុទ្ធនាការ «ឈីបក្នុងស្រុក សម្រាប់ការប្រើប្រាស់ក្នុងស្រុក» របស់ទីក្រុងប៉េកាំង ដែលមានគោលបំណងជំរុញការប្រើប្រាស់បន្ទះឈីប និងបច្ចេកវិទ្យា AI ផលិតនៅក្នុងប្រទេសចិន។
គួរជម្រាបថា Broadcom រួមជាមួយ Nvidia និងក្រុមហ៊ុន Huawei របស់ចិន កំពុងផ្គត់ផ្គង់ឧបករណ៍ប្តូរទិន្នន័យកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ ផលិតផល Nvidia ត្រូវបានហាមឃាត់រួចហើយនៅក្នុងមជ្ឈមណ្ឌលទិន្នន័យដែលគាំទ្រដោយរដ្ឋ ប៉ុន្តែឧបករណ៍ Broadcom នៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ការផ្លាស់ប្តូរនេះកើតឡើង ខណៈចិនកំពុងពង្រឹងគោលនយោបាយពឹងផ្អែកលើបច្ចេកវិទ្យាផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស៕












