នាយករដ្ឋមន្ត្រីអូស្ត្រាលី ទម្លាយថាកម្មវិធី AI របស់ OpenAI បានហេគចូលប្រព័ន្ធ Medicare របស់រដ្ឋាភិបាល
24-09-2026 10:12
(បរទេស)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានទម្លាយឱ្យដឹងថា ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI Agent) ដែលអភិវឌ្ឍដោយក្រុមហ៊ុន OpenAI បានលួចជ្រៀតចូលទៅក្នុងប្រព័ន្ធព័ត៌មានរបស់រដ្ឋាភិបាលអូស្ត្រាលី កាលពីខែមិថុនា ដោយបានចូលទៅកាន់ឯកសារទាំងសាធារណៈ និងមិនមែនសាធារណៈ ក្នុងហេតុការណ៍ដែលលោកចាត់ទុកថា «មិនអាចយល់ព្រមបាន»។
យោងតាមរបាយការណ៍ពីសារព័ត៌មាន Reuters និង The Sydney Morning Herald ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលភ្នាក់ងារ AI នោះ ត្រូវបានផ្ដល់ភារកិច្ចស្រាវជ្រាវស្ថិតិសុខាភិបាល ប៉ុន្តែបានស្វែងរកផ្លូវចូលដោយគ្មានការអនុញ្ញាត ទៅកាន់សេចក្តីរាយការណ៍ស្ថិតិ Medicare (Medicare Statistics Reporting Service portal) ដែលគ្រប់គ្រងដោយស្ថាប័ន Services Australia។
លោក Anthony Albanese បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលកិច្ចប្រជុំអង្គការសហប្រជាជាតិ (UN) ថា លោកបាននិយាយផ្ទាល់ជាមួយលោក Sam Altman ដែលជាអគ្គនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន OpenAI ដើម្បីបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» របស់អូស្ត្រាលីចំពោះឧប្បត្តិហេតុនេះ។ លោកនាយករដ្ឋមន្ត្រី បានសម្តែងការខកចិត្តដែល OpenAI ចំណាយពេលយូរពេក (ទើបតែផ្ដល់ដំណឹងដល់ Services Australia នៅថ្ងៃទី១០ ខែកញ្ញា) តាមរយៈការផ្ញើអ៊ីមែលធម្មតាទៅកាន់ប្រអប់សំបុត្រសាធារណៈ ដែលរដ្ឋាភិបាលមើលឃើញថាមិនមែនជាទម្រង់ផ្លូវការ និងយឺតពេលខ្លាំង។
ផ្អែកលើការពិនិត្យដំបូង រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា គ្មានភស្តុតាងណាមួយបង្ហាញថា ទិន្នន័យកំណត់ត្រាផ្ទាល់ខ្លួនរបស់អ្នកជំងឺត្រូវបានប៉ះពាល់នោះឡើយ ដោយឯកសារដែលចូលទៅដល់គឺស្ថិតក្នុងទម្រង់ជាស្ថិតិសុខាភិបាលសរុប (aggregate health statistics) និងឈ្មោះឯកសារខាងក្នុងប៉ុណ្ណោះ។ បច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលី បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីស៊ើបអង្កេតលើស្ថានភាពផ្លូវច្បាប់ និងវិធានការនានាជុំវិញការរំលោភបំពានប្រព័ន្ធសុខាភិបាលជាតិដោយប្រព័ន្ធបញ្ញាសិប្បនិម្មិតនេះ ខណៈដែលការត្រួតពិនិត្យលើសុវត្ថិភាពបច្ចេកវិទ្យា AI កំពុងក្លាយជាបញ្ហាក្តៅគគុកនៅលើឆាកអន្តរជាតិ៕











