Geely បង្ហាញបច្ចេកវិទ្យាសាករថយន្តអគ្គិសនីអតិបរមារ 2.2MW! តើក្លាយជាការប្រជែងនឹង BYD មែនទេ?
24-09-2026 10:40
(ចិន)៖ ក្រុមហ៊ុនផលិតរថយន្តចិន Geely បានបង្ហាញបច្ចេកវិទ្យាសាករថយន្តអគ្គិសនីជំនាន់ថ្មី «Geely Smart Charge» ដែលអាចផ្តល់ថាមពលសាកអតិបរមារហូតដល់ (2,250kW (2.25MW)។ ដែលត្រូវបានអ្នកជំនាញមើលឃើញថាជាការប្រជែងជាមួយក្រុមហ៊ុនរថយន្ត BYD ផងដែរ។
Geely បានបំពាក់បច្ចេកវិទ្យាថ្មីនេះដោយប្រើប្រព័ន្ធ AI ដើម្បីគ្រប់គ្រងការសាក និងសីតុណ្ហភាពថ្ម ហើយក្រុមហ៊ុន Geely ក៏បានបង្ហាញការអះអាងថា រថយន្តម៉ូឌែល (Lynk & Co 10) អាចសាកថាមពលចន្លោះពី 10% ដល់ 70% ប្រើពេលប្រហែល ៤នាទី ៣០វិនាទី និងពី 10% ដល់ 97% ចាយពេលប្រហែល ៨នាទី ៤០វិនាទី។
ខណៈក្នុងការសាកល្បងរថយន្តនេះ អាចទទួលបានថាមពលសាកខ្ពស់បំផុតប្រមាណ 1,093kW គ្រាដែលប្រព័ន្ធសាករបស់ Geely អាចគ្រប់គ្រងសីតុណ្ហភាពថ្ម ដើម្បីជួយរក្សាសុវត្ថិភាពនៅពេលសាកល្បឿនកម្រិតខ្ពស់។
ជាមួយគ្នានោះ ក្រុមហ៊ុន Geely ក៏បានបង្ហាញថ្ម Aegis Golden Brick ដែលជាបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ Geely ដែលផ្តោតសំខាន់លើការសាកលឿន សុវត្ថិភាព និងការគ្រប់គ្រងកម្ដៅ គឺមានការគាំទ្រអត្រាសាករហូតដល់ (12C) ដែលត្រូវស្គាល់ថា ជាបច្ចេកវិទ្យាថ្ម EV គឺជាអត្រាសាក (C-rate) ដែលបង្ហាញថា ថ្មអាចទទួលចរន្តសាកបានខ្លាំងប៉ុណ្ណា បើប្រៀបធៀបនឹងសមត្ថភាពថ្មរបស់វា។
ស្ថិតក្នុងការបង្ហាញបច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុនក៏គ្រោងពង្រីកបណ្តាញសាករបស់ខ្លួនដល់ជាង ១០០,០០០កន្លែងសាក នៅទូទាំងប្រទេសចិន ឱ្យបានមុនចុងឆ្នាំ២០២៧ ក្នុងនោះមានជាង ៥០,០០០កន្លែងជាប្រព័ន្ធ (Geely Smart Charge) ដើម្បីធានាថា បណ្តាញសាកអាចគ្របដណ្តប់ទូទាំង ស្រុក/ខណ្ឌនានានៅប្រទេសចិន។
សូមជម្រាបផងថា នេះជាការបង្ហាញគោលដៅថ្មីរបស់ Geely លើការបន្ថែមបច្ចេកវិទ្យាសាកថ្ម ខណៈក្រុមហ៊ុន BYD ក៏កំពុងបង្កើនការពង្រីកបច្ចេកវិទ្យាសាកថ្ម Flash Charging ដែលមានសមត្ថភាពសាកកម្រិតខ្ពស់ផងដែរ។
ដូច្នេះការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី EV នៅក្នុងប្រទេសចិន គឺកំពុងមានការផ្តោតកាន់តែខ្លាំងលើបច្ចេកវិទ្យាសាកថាមពលថ្មកម្រិតល្បឿនលឿន និងបណ្តាញស្ថានីយសាកឱ្យកាន់តែច្រើន៕



