ប៊ូសស្រ្តង ប្រកាសរៀបចំវិចនំអន្សម ១០០ខ្ទះត្នោត ជូនវីរកងទ័ព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ
24-09-2026 11:23
(ភ្នំពេញ)៖ ក្រុមហ៊ុន ប៊ូសស្រ្តង (Boostrong) បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ គឺការវិចនំអន្សមចំនួន ១០០ខ្ទះត្នោត ដើម្បីបង្ហាញពីការដឹងគុណ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅជូនដល់វីរកងទ័ពកម្ពុជា ក្នុងឱកាសបុណ្យកាន់បិណ្ឌ១ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ សកម្មភាពនេះឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់របស់ប៊ូសស្រ្តង ចំពោះអ្នកការពារជាតិមាតុភូមិ។
បុណ្យកាន់បិណ្ឌ១ គឺជាពេលវេលាដ៏សំខាន់មួយ ដែលកូនខ្មែរគ្រប់រូបជួបជុំគ្នាធ្វើបុណ្យទាន និងរំលឹកដល់គុណបុព្វការីជន ក៏ដូចជាអ្នកមានគុណទាំងឡាយ។ ក្នុងស្មារតីនេះ ប៊ូសស្រ្តង ក៏មិនបានបំភ្លេចនូវការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រទេសជាតិឡើយ។ ព្រឹត្តិការណ៍វិចនំអន្សម ១០០ខ្ទះត្នោតនេះ នឹងប្រព្រឹត្តទៅនៅភូមិរង់ចាំ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីរួមចំណែកផ្ញើរសារដឹងគុណនេះទៅដល់កងទ័ព។
នំអន្សមទាំង ១០០ខ្ទះត្នោតនេះ មិនត្រឹមតែជាចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបេះដូងខ្មែររាប់រយ ដែលបានចងភ្ជាប់នូវក្តីដឹងគុណ និងក្តីស្រឡាញ់របស់បងប្អូនខ្មែរគ្រប់រូប។ ប៊ូសស្រ្តង តែងតែឈរនៅក្បែរបងប្អូនខ្មែរ និងវីរកងទ័ព មិនបណ្តោយឱ្យពួកគាត់មានអារម្មណ៍ឯកាឡើយ។ ការគាំទ្រប៊ូសស្រ្តង គឺស្មើនឹងការគាំទ្រអំពើល្អ និងការលើកស្ទួយស្មារតីសាមគ្គីភាពជាតិ។ ប៊ូសស្រ្តង ពិតជាស្រឡាញ់ខ្មែរ និងដឹងគុណវីរៈកងទ័ពជានិច្ច៕






