* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

Meta បញ្ចេញឧបករណ៍ AI ខ្នាតតូចថ្មី «Charm» ខណៈកំពុងប្រជែងរកឧបករណ៍ជំនួសស្មាតហ្វូន

24-09-2026 14:14

(បរទេស)៖ ក្រុមហ៊ុន Meta បានបង្ហាញឧបករណ៍ AI ខ្នាតតូចថ្មីឈ្មោះ Meta Charm ដែលអាចប្រើជាមួយជំនួយការ AI «Muse» ក្នុងគោលបំណងពង្រីកអាជីវកម្មផ្នែកឧបករណ៍របស់ខ្លួនលើសពីវ៉ែនតាឆ្លាតវៃ។ Charm មានទំហំប្រហាក់ប្រហែលប្រអប់ AirPods មានអេក្រង់ប៉ះប្រហែល ២អ៊ីញ និងភ្ជាប់ 5G។ Meta និយាយថា ឧបករណ៍នេះនឹងចាប់ផ្តើមដឹកជញ្ជូននៅខែធ្នូ ប៉ុន្តែមិនទាន់បង្ហាញតម្លៃទេ។ លោក Mark Zuckerberg បាននិយាយថា៖ «យើងបានបញ្ចូលបទពិសោធន៍ Muse ទាំងមូល រួមទាំងប្រព័ន្ធសំឡេងឆ្លើយតបភ្លាមៗ និងប្រព័ន្ធតួអវតារ ចូលទៅក្នុងឧបករណ៍មួយដែលអាចពាក់ជាប់នឹងខ្សែសោ និងតែងតែត្រៀមខ្លួនសម្រាប់និយាយជាមួយអ្នក»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២៦។

ការបង្ហាញនេះកើតឡើង ខណៈក្រុមហ៊ុនបច្ចេកវិទ្យានៅ Silicon Valley កំពុងវិនិយោគលើឧបករណ៍ដែលប្រើ AI ដើម្បីស្វែងរកជម្រើសថ្មីសម្រាប់ស្មាតហ្វូន។ Meta ក៏បានបង្ហាញឧបករណ៍ VR ថ្មីតម្លៃ ១,២៩៩ដុល្លារ ដែលមានទម្ងន់ប្រហែល ១០០ក្រាម និងអាចបញ្ជាដោយភ្នែក សំឡេង និងកាយវិការ។ ឧបករណ៍នេះនឹងចាប់ផ្តើមដាក់លក់នៅនិទាឃរដូវឆ្នាំ២០២៧។ អ្នកស្រី Linda Sui អ្នកស្រាវជ្រាវទីផ្សារ បាននិយាយថា៖ «ការកាត់បន្ថយទម្ងន់មកនៅប្រហែល ១០០ក្រាម គឺគួរឱ្យចាប់អារម្មណ៍ ហើយអាចធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរឡើង» ប៉ុន្តែអ្នកស្រីក៏បានលើកឡើងថា តម្លៃខ្ពស់អាចធ្វើឱ្យពិបាកឈានដល់អ្នកប្រើប្រាស់ទូទៅ។

ជាមួយគ្នានេះ Meta បានបង្ហាញវ៉ែនតា Ray-Ban Meta Audio ដែលគ្មានកាមេរ៉ា ប៉ុន្តែអាចថតសំឡេង ហើយនឹងដឹកជញ្ជូនចាប់ពីថ្ងៃទី១៣ ខែតុលា ក្នុងតម្លៃចាប់ពី ៣៤៩ដុល្លារ។ Meta អះអាងថា សំឡេងគឺជាមុខងារពេញនិយមបំផុតរបស់វ៉ែនតាខ្លួនតាំងពីដំបូង ហើយការដកកាមេរ៉ាចេញក៏អាចធ្វើឱ្យវ៉ែនតាស្តើង និងបង្កើនអាយុកាលថ្មដល់ ១២ម៉ោងក្នុងការសាកម្តង។ ទោះជាយ៉ាងណា ការថតសំឡេងដោយគ្មានសញ្ញាច្បាស់លាស់ឱ្យអ្នកនៅជុំវិញដឹង នៅតែបង្កក្តីបារម្ភអំពីភាពឯកជន។

គួរជម្រាបថា លោក Jitesh Ubrani នាយកនៅក្រុមហ៊ុនស្រាវជ្រាវ IDC បាននិយាយថា៖ «ពួកគេកំពុងដោះស្រាយបញ្ហាភាពឯកជនមួយចំនួន ប៉ុន្តែនៅតែមានលទ្ធភាពប្រើប្រាស់សំឡេងខុសគោលបំណង ឬថតសំឡេងដោយគ្មានការយល់ព្រម។ ហើយចំណុចសំខាន់នៅទីនេះគឺការយល់ព្រម»។ លោកបានបន្ថែមថា Meta ត្រូវរកវិធីព្រមានអ្នកប្រើប្រាស់នៅពេលពួកគេកំពុងត្រូវបានថត ទោះបីជាការថតមានតែសំឡេងក៏ដោយ។ ក្តីបារម្ភអំពីភាពឯកជននេះ អាចក្លាយជាកត្តាសំខាន់មួយដែលប៉ះពាល់ដល់ការទទួលយកឧបករណ៍ AI ប្រភេទថ្មីៗ ដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពុងសង្ឃឹមថានឹងក្លាយជាជំនាន់បន្ទាប់បន្ទាប់ពីស្មាតហ្វូន៕