* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

LG និង Samsung ប្រឈមការស៊ើបអង្កេតនៅឥណ្ឌា ជុំវិញពន្ធនាំចូលគ្រឿងបន្លាស់ OLED

24-09-2026 15:36

(បរទេស)៖ អាជ្ញាធរឥណ្ឌាកំពុងស៊ើបអង្កេតក្រុមហ៊ុន LG Electronics និង Samsung ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ក្រុមហ៊ុនទាំងពីរបានបង់ពន្ធនាំចូលទាបជាងអត្រាដែលត្រូវបង់ សម្រាប់គ្រឿងបន្លាស់អេក្រង់ដែលប្រើក្នុងទូរទស្សន៍ OLED កម្រិតខ្ពស់។ ប្រភព ៥ ដែលដឹងពីបញ្ហានេះបានប្រាប់ Reuters ថា អាជ្ញាធរឥណ្ឌាជឿថា ក្រុមហ៊ុនទាំងពីរបានប្រើអត្រាពន្ធអនុគ្រោះ ៥% សម្រាប់អេក្រង់ OLED ប្រភេទ «open cell» ខណៈអត្រានេះត្រូវបានកំណត់សម្រាប់គ្រឿងបន្លាស់បច្ចេកវិទ្យា LCD និង LED។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ប្រភពពីរបាននិយាយថា អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ចំណូលរបស់ឥណ្ឌា (DRI) យល់ថា LG និង Samsung គួរតែបង់ពន្ធ ១៥% លើគ្រឿងបន្លាស់ OLED។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងពីរកំពុងប្រឆាំងនឹងជំហរនេះ ដោយយល់ថា OLED គឺជាបច្ចេកវិទ្យា LED ដែលត្រូវបានអភិវឌ្ឍឱ្យកាន់តែទំនើប ហើយគួរតែទទួលបានអត្រាពន្ធដូចគ្នា។ Samsung បានប្រាប់ Reuters ថា ខ្លួន «កំពុងពិនិត្យមើលបញ្ហានេះ និងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតាមច្បាប់ទាំងអស់»។

គួរជម្រាបថា អាជ្ញាធរឥណ្ឌាបានសាកសួរបុគ្គលិក Samsung នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅជិតទីក្រុងញូវដេលី ខណៈ LG ត្រូវបានផ្ញើសំណួរជាលាយលក្ខណ៍អក្សរអំពីការនាំចូល OLED ហើយបានដាក់ចម្លើយ ព្រមទាំងប្រាក់បញ្ញើមួយចំនួនដែលមិនត្រូវបានបង្ហាញជាសាធារណៈ។ ប្រសិនបើការស៊ើបអង្កេតរកឃើញថាមានការបង់ពន្ធមិនគ្រប់ អាជ្ញាធរអាចទាមទារពន្ធបន្ថែម និងពិន័យរហូតដល់ ១០០% នៃពន្ធដែលត្រូវបានគេចវេស ខណៈក្រុមហ៊ុនមានសិទ្ធិប្តឹងជំទាស់តាមផ្លូវតុលាការ៕

ទន្ទឹមនឹងការស៊ើបអង្កេត សមាគមឧស្សាហកម្មអេឡិចត្រូនិកនៅឥណ្ឌាក៏កំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្តអត្រាពន្ធអនុគ្រោះ ៥% សម្រាប់គ្រឿងបន្លាស់អេក្រង់ OLED ដោយអះអាងថា ការមិនផ្តល់អត្ថប្រយោជន៍ដូចគ្នាទៅនឹង LCD និង LED នឹងធ្វើឱ្យថ្លៃដើមផលិតកម្ម OLED កើនឡើង និងកាត់បន្ថយសមត្ថភាពប្រកួតប្រជែង។ ទិន្នន័យរដ្ឋាភិបាលបង្ហាញថា ការនាំចូលអេក្រង់ រួមទាំងគ្រឿងបន្លាស់ទូរទស្សន៍ ចូលប្រទេសឥណ្ឌាបានកើនឡើង ១៥% ក្នុងរយៈពេលមួយឆ្នាំ ដល់ ៥,៦ពាន់លានដុល្លារ គិតត្រឹមខែមីនា ឆ្នាំ២០២៦៕