លោក ដូណាល់ ត្រាំ និងប្រធានសភាអាមេរិក គ្រោងជួបពិភាក្សាជាមួយ CEO ក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ស្តីពី AI នៅថ្ងៃទី ២៩ ខែកញ្ញា
25-09-2026 09:17
(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ , ប្រធានសភាតំណាងរាស្ត្រ Mike Johnson និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ គ្រោងរៀបចំកិច្ចប្រជុំពិភាក្សាគ្នាអំពីបញ្ញាសប្បនិម្មិត (AI) នៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Axios ដោយផ្អែកលើប្រភពដែលបានដឹងពីផែនការនេះ។
កិច្ចប្រជុំនេះ កើតឡើងចំពេលដែលសម្ពាធកំពុងកើនឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ឱ្យមានការគ្រប់គ្រងលើក្រុមហ៊ុនទាំងឡាយណា ដែលកំពុងអភិវឌ្ឍប្រព័ន្ធ AI កម្រិតខ្ពស់ (frontier AI systems)។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ ព័ត៌មានលម្អិតជុំវិញរបៀបវារៈ បញ្ជីឈ្មោះអ្នកចូលរួម និងលទ្ធផលរំពឹងទុកពីកិច្ចប្រជុំនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីភាពខុសគ្នានៃទស្សនៈរវាងរដ្ឋបាលអាមេរិក ថ្នាក់ដឹកនាំសភា និងក្រុមហ៊ុនបច្ចេកវិទ្យា។
ថ្នាក់ដឹកនាំក្រុមហ៊ុន AI ដ៏លេចធ្លោមួយចំនួន ធ្លាប់បានចេញមុខទាមទារឱ្យមានការត្រួតពិនិត្យ និងបទប្បញ្ញត្តិពីសំណាក់រដ្ឋាភិបាលកាន់តែខ្លាំងឡើង ជុំវិញហានិភ័យសក្តានុពលនៅពេលដែលបច្ចេកវិទ្យានេះរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មានជំហរប្រឆាំងនឹងការរឹតត្បិតតឹងរ៉ឹងពេក ដោយបានចាត់ទុក AI និងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ថាជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ និងបានលើកឡើងថា ការជំទាស់នឹងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ គឺជាការរារាំងដែលផ្តល់ផលចំណេញដល់ប្រទេសចិន។ ប្រធានសភាតំណាងរាស្ត្រ Mike Johnson បានប្រកាន់ខ្ជាប់នូវជំហរតុល្យភាព ដោយព្រមានពីការដាក់ច្បាប់តឹងរ៉ឹងហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ការច្នៃប្រឌិត និងបានស្នើឱ្យមានកិច្ចសន្ទនាផ្ទាល់រវាងប្រធានាធិបតី និងថ្នាក់ដឹកនាំឧស្សាហកម្មនេះ ជាជាងការរុញឲ្យបង្កើតច្បាប់ប្រញាប់ប្រញាល់។
ជុំវិញបញ្ហានេះ អ្នកវិភាគទីផ្សារ និងនយោបាយមើលឃើញថា ទោះបីជាកិច្ចប្រជុំនេះអាចនឹងផ្តោតសំខាន់លើការរក្សាភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា AI របស់សហរដ្ឋអាមេរិក និងការប្រកួតប្រជែងជាមួយប្រទេសចិនជាងការចេញបទប្បញ្ញត្តិថ្មីៗភ្លាមៗក៏ដោយ ក៏វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិនិយោគិន និងអ្នកជំនាញក្នុងការតាមដានទិសដៅគោលនយោបាយបច្ចេកវិទ្យានាពេលអនាគត៕










