* មេដឹកនាំ AI ផ្តល់របាយការណ៍ដល់អង្គការសហប្រជាជាតិ ខណៈមានការព្រមានថា បច្ចេកវិទ្យានេះអាចរួចផុតពីការគ្រប់គ្រងរបស់មនុស្ស
* លោក ដូណាល់ ត្រាំ និងប្រធានសភាអាមេរិក គ្រោងជួបពិភាក្សាជាមួយ CEO ក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ស្តីពី AI នៅថ្ងៃទី ២៩ ខែកញ្ញា
* ចំណេះដឹងទូទៅ៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលគួរយកចិត្តទុកដាក់ចំពោះសុខភាព

អាមេរិកចេញមុខជ្រោមជ្រែង Elon Musk ប្តឹងជំទាស់នឹងសហភាពអឺរ៉ុបជុំវិញសំណុំរឿងផាកពិន័យបណ្តាញសង្គម X

25-09-2026 11:33

(បរទេស)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ពាក្យស្នើសុំផ្លូវការ ដើម្បីចូលរួមគាំទ្របណ្តាញសង្គម X របស់មហាសេដ្ឋី Elon Musk ក្នុងការប្តឹងទម្លាក់ចោលការផាកពិន័យទឹកប្រាក់ ១២០ លានអឺរ៉ូ (ប្រមាណ ១៣៦.៥១ លានដុល្លារ) ពីសំណាក់សហភាពអឺរ៉ុប (EU)។ វិធានការដាក់ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងកាលពីចុងឆ្នាំមុនក្រោមច្បាប់សេវាឌីជីថល (DSA) ពីបទរំលោភបំពានលើច្បាប់មាតិកាអនឡាញ ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាត្រូវទប់ស្កាត់មាតិកាខុសច្បាប់ និងមានគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់អឺរ៉ុបនេះ ដោយចោទប្រកាន់ថាវាជាការរើសអើង និងកំណត់គោលដៅជាក់លាក់លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក។ លោក Brett Shumate ជំនួយការអគ្គរដ្ឋអាជ្ញាមកពីផ្នែករដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ជុំវិញរឿងនេះថា៖ «គណៈកម្មការអឺរ៉ុបបានព្យាយាមយ៉ាងមិនសមស្របក្នុងការការពង្រីកអំណាចនិយតកម្មរបស់ខ្លួន ដើម្បីមកគ្រប់គ្រងក្រុមហ៊ុនអាមេរិកដែលមិនមានវត្តមាន ឬមិនដំណើរការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

ផ្ទុយទៅវិញ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបបានអះអាងថា ច្បាប់របស់ខ្លួនមិនកំណត់គោលដៅលើសញ្ជាតិនរណាម្នាក់ឡើយ ប៉ុន្តែវាជាការការពារស្ដង់ដារឌីជីថល និងប្រជាធិបតេយ្យដែលត្រូវបានទទួលស្គាល់ជាសកល។ ទន្ទឹមនឹងនេះ លោក Elon Musk ដែលជាអ្នកគាំទ្រនយោបាយដ៏ស្មោះស្ម័គ្ររបស់លោក ត្រាំ បានរិះគន់ថា បទបញ្ញត្តិបច្ចេកវិទ្យារបស់អឺរ៉ុបនេះ គឺបានរារាំងយ៉ាងខ្លាំងដល់វឌ្ឍនភាពបច្ចេកវិទ្យាសកល៕