សហព័ន្ធវ៉ូវីណាម បន្ដបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះជើងឯកទ្វីបអាស៊ី លើកទី៦ នាខែវិច្ឆិកា
25-09-2026 12:58
(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបន្ដបើកកិច្ចប្រជុំជាថ្មី ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ក្នុងដំណើរត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
យោងតាមកិច្ចប្រជុំដឹកនាំដោយលោក អ៊ូ រតនា ប្រធានគណៈកម្មការទទួលបន្ទុករួម និងជាប្រធានសហព័ន្ធ ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការ និងអនុគណៈកម្មការជំនាញ នាល្ងាចថ្ងៃទី២៤ ខែកញ្ញា បានបង្ហាញពីវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីនៅកម្ពុជានេះ។
ឆ្លៀតឱកាសនោះលោក អ៊ូ រតនា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីលះបង់ និងការចូលរួមយ៉ាងសកម្មរបស់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ដោយផ្ដោតលើគោលបំណង និងផលប្រយោជន៍រួម បានខិតខំប្រឹងប្រែងរៀបចំ និងអនុវត្តផែនការ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីធានាឲ្យដំណើរការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
នេះជាលើកទី២ ហើយ ដែលសហព័ន្ធបានកោះប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងារ ដែលកំពុងដំណើរការទៅដោយរលូន ទាំងផ្នែកបច្ចេកទេស ការស្នាក់នៅហូបចុក ដឹកជញ្ជូន សន្ដិសុខសណ្ដាប់ធ្នាប់ និងការទទួលបដិសណ្ឋារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនោះពិធីបើកការប្រកួតផ្លូវការ ក៏ត្រូវបានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំ ដើម្បីត្រៀបចំឲ្យបានអធិកអម ដោយភ្ជាប់ជាមួយការសម្ដែងនូវទស្សនីយភាពជាច្រើនផងដែរ។
គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្ដេជ្ញានឹងផ្ដល់នូវការស្វាគមន៍ដល់កក់ក្ដៅ ដល់ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ដើម្បីទទួលបាននូវអនុស្សាវរីយ៍ និងការចងចាំមិនអាចបំភ្លេចបាន ចំពោះការអភិវឌ្ឍ និងភាពរីកចម្រើន ផ្សារភ្ជាប់ជាមួយវប្បធម៌ ទេសចរណ៍ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកទ្វីបអាស៊ី នៅកម្ពុជា នាពេលឆាប់ៗខាងមុខ៕











